ព័ត៌មានជាតិ

សមត្ថកិច្ចបំភ្លឺករណីក្រុមអ្នកបើកឡានដឹកដីផឹកស៊ីចាក់ធុងបាស់ឡូឡាស៊ីផ្លេរឡានពេញព្រៃធ្វើឲ្យប៉ះពាល់ភ្ញៀវទេសចរណ៍

យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺមានកិត្តិយសសូមជម្រាបជូនសាធារណជននិងម្ចាស់គណនីហ្វេសបុកឈ្មោះរាត្រីត្រជាក់ដែលបានបង្ហោះព័ត៌មានមានខ្លឹមសារថា៖នៅគីរីរម្យអ្នកបើកឡានដឹកដីមួយក្រុមផឹកស៊ីចាក់បាសឡូឡាស៊ីផ្លេរឡានពេញព្រៃដែលជាទង្វើគ្មានសីលធម៌ធ្វើឱ្យប៉ះពាល់សាធារណជនមកកម្សាន្ដនិងបោះតង់នៅទីនោះ!សូមសមត្ថកិច្ចហៅពួកគាត់យកទៅណែនាំអប់រំផង!។

ក្រោយទទួលបាននូវព័ត៌មានខាងលើលោកឧត្តមសេនីយ៍ទោសមសាមួនស្នងការនគរបាលខេត្តកំពង់ស្ពឺបានបញ្ជាឱ្យកម្លាំងនគរបាលចុះស្រាវជ្រាវករណីខាងលើនៅទីតាំងផ្លូវឡើងភ្នំគីរីរម្យក្នុងឃុំចំបក់ស្រុកភ្នំស្រួច(នៅតំបន់ទេសចរណ៍មាត់ទឹកស្រះស្រង់គីរីរម្យ)។

យោងតាមការបំភ្លឺរបស់អ្នកលក់ដូរនៅចំណុចទីតាំងខាងលើរៀបរាប់ប្រាប់ថាកាលពីថៃ្ងទី៣០ខែឧសភាឆ្នាំ២០២១វេលាម៉ោង១១និង៣៥នាទីមានក្រុមរថយន្ដបែនដឹកដីប្រមាណ០៦គ្រឿងបានឡើងមកឈប់សំរាកលេងនៅចំណុចមាត់ទឹកស្រះស្រង់(បញ្ជាក់ទីតាំងចំណុចកើតហេតុគឺស្ថិតក្នុងភូមិស្ទឹងច្រាលឃុំអូរបាក់រទេះស្រុកកំពង់សិលាខេត្តព្រះសីហនុ)ដោយក្រុមរថយន្ដបែនទាំងនោះបានចាក់ធុងបាស់ឮៗនិងផឹកស៊ីរាំច្រៀងយ៉ាងសប្បាយ។ប៉ុន្ដែការផឹកស៊ីរហូតដល់ម៉ោងប្រមាណ១៥និង៣០នាទីទើបក្រុមពួកគេបានចាកចេញទៅវិញ។ក្នុងនោះផងដែរក្រុមរថយន្តបែន០២គ្រឿងដែលចេញក្រោយគេបានចុចស៊ីផ្លេរឡានយ៉ាងយូរឮរំពងពេញព្រៃប្រមាណ១៥នាទីទើបឈប់រួចចេញបាត់ទៅ។ចំណុចនេះហើយដែលធ្វើឱ្យភ្ញៀវទេសចរដទៃទៀតមានការខឹងសម្បារនឹងក្រុមរថយន្ដឡានបែនដឹកដីទាំងនោះ។

ជាលទ្ធផល៖តាមរយៈកិច្ចសហការជាមួយជំនាញពាក់ព័ន្ធកម្លាំងនគរបាលធ្វើការស្រាវជ្រាវករណីនេះនិងបញ្ជាក់ថាពិតជាមានសកម្មភាពដូចការរៀបរាប់របស់ប្រជាពលរដ្ឋម្ចាស់គណនីហ្វេសប៊ុកឈ្មោះរាត្រីត្រជាក់នោះមែនតែក្រុមរថយន្តបែនដឹកដីទាំង០៦គ្រឿងគឺមិនមានទីលំនៅក្នុងភូមិសាស្ដ្រខេត្ដកំពង់ស្ពឺនោះទេ។

លុះដល់ព្រឹកថ្ងៃទី០៣.០៦.២០២១វេលាម៉ោង១០និង២០នាទីកម្លាំងនគរបាលបានព្យាយាមរករូបភាពជាអត្ដសញ្ញាណក្រុមរថយន្ដបែនដឹកដីទាំងនោះដើម្បីបង្ហាញនិងពិនិត្យលើស្លាកលេខរថយន្ដក្នុងចំណោមរូបភាពរកឃើញស្លាកលេខរថយន្ត(ចង្កូតស្ដាំ)2-1986យោងតាមកំណត់ត្រាស្វែងរកយានយន្តម៉ាកNISSANផលិតឆ្នាំ១៩៩៨ជាកម្មសិទ្ធិរបស់ឈ្មោះនឹមទុំមានអាសយដ្ឋានផ្ទះ៨៨ផ្លូវ.៥#48សង្កាត់ប្រទះឡាងខណ្ឌដង្កោរាជធានីភ្នំពេញ។

វិធានការបន្ដគឺមន្ដ្រីឧទ្យាននុរក្សបរិស្ថានគ្រប់គ្រងតំបន់គីរីរម្យនឹងធ្វើការត្រួតពិនិត្យលើករណីដែលភ្ញៀវទេសចរឡើងមកកំសាន្ដនៅក្នុងតំបន់នោះជាបន្ដទៀត។

អាស្រ័យហេតុនេះសូមសាធារណជននិងម្ចាស់គណនីហ្វ៊េសបុករាត្រីត្រជាក់ពិសេសអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប៕សូមអរគុណ!!!

 

មតិយោបល់