ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ០២នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ សហការជាមួយកម្លាំងនគរបាលជំនាញគ្រឿងញៀនស្រុកក្រគរ បានចុះបង្រ្កាបនិងចាប់ឃាត់ខ្លួន ពីបទរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ចំនួន០២ករណី នៅកន្លែងផ្សេងគ្នាក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២១ នៅក្នុងភូមិមាត់ព្រៃនិងភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាល បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរនិងប្រើប្រាស់សារធាតុញៀនទាំង០២ករណី ៖
ករណីទី១ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ឡេង លីហួរ ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ។ ក្នុងការបង្រ្កាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងនោះសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន០៣កញ្ចប់ ទម្ងន់ (២.៥៧ក្រាម) ,ដាវកែឆ្នៃ០២ដើម, ឧបករណ៍ជក់០១កំប្លេរ, កូនថង់រំលែកថ្នាំមួយចំនួន, ទូរស័ព្ទដៃមួយគ្រឿង, ជញ្ជីងអេឡិចត្រូនិច០១គ្រឿង ។
ករណីទី២ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ នៅ ខៃ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ដោយបានឃាត់ខ្លូនជនសង្ស័យម្នាក់ ។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស០២កញ្ចប់ ទម្ងន់១.៥៨ក្រាម, ថង់ប្លាស្ទិករំលែកថ្នាំមួយចំនួន, កូនកាំបិត០២ដើម ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបំពេញបែបបទតាមនីតិវិធី ៕
មតិយោបល់