ព័ត៌មានជាតិ

តុលាការកាត់ទោសអនុប្រធានការិយាល័យ CDC ម្នាក់រឿង រត់ការខុសច្បាប់

ភ្នំពេញៈ នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ លោក ឆែ វីរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញបានលើកយកសំណុំរឿង វីតិក្រម របស់អនុប្រធានការិយាល័យត្រួតពិនិត្យគម្រោងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា (CDC) មកបើកសវនាការជាសាធារណៈ។

ជនជាប់ចោទឈ្មោះ ឡាយ ថារ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ មានតួនាទីជា អនុប្រធានការិយាល័យ ត្រួតពិនិត្យគម្រោង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រូវបានសមត្ថកិច្ចនៃអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ និងត្រូវបានលោក លី សុផាណា តំណាងអយ្យការ ចោទប្រកាន់ពីបទ វីតិក្រម ប្រព្រឹត្តកាលពីអំឡុងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងការទាមទារប្រាក់ចំនួន ១០០០ដុល្លារពីក្រុមហ៊ុនបរទេសមួយ ដែលរកស៊ីនាំចូល សម្លៀកបំពាក់កីឡាមកកម្ពុជា ដែលបទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងសវនាការជនជាប់ចោទឈ្មោះ ឡាយ ថារ័ត្ន បានសារភាពថា ខ្លួនពិតជាបានទទួលប្រាក់ពី ក្រុមហ៊ុនខាងលើចំនួន ១០០០ដុល្លារ មែនដើម្បីរត់ការឯកសារមេរបស់ក្រុមហ៊ុន ដើម្បីនាំចូលសម្លៀកបំពាក់ មកកម្ពុជា។ ជនជាប់ចោទបន្តថា លុយនោះខ្លួនបានទទួលជាពីដំណាក់កាល ដោយលើកទី១ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ទទួលពីតំណាងក្រុមហ៊ុន ៥០០ដុល្លារ លុះដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ទទួលបាន ៤០០ដុល្លារទៀត ដោយក្រដាស១០០ដុល្លារទៀតរហែក ប៉ុន្តែក្រោយទទួលលុយភ្លាម ក៏ត្រូវអង្គភាពប្រឆាំង អំពើពុករលួយឃាត់ខ្លួនតែម្តង។ ជនជាប់ចោទ បានបញ្ជាក់ថា ក្រៅពីលុយ១០០០ដុល្លារ ខ្លួនបានទទួល ៥០ដុល្លារទៀត ដែលក្រុមហ៊ុនជាអ្នកឲ្យ ដោយខ្លួនមិនបានទាមទារនោះទេ។

គួរបញ្ជាក់ដែរថា សំណុំរឿងនេះ តុលាការនឹងប្រកាសសាលក្រមនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខាងមុខ៕

hhssyy

https://youtu.be/zGScWf5Qlik

មតិយោបល់