ព័ត៌មានជាតិ

Update៖ កូនយំឱបសពម្តាយ ខណៈរថយន្តក្រុមហ៊ុនជីបម៉ុងបុកស្លាប់ បន្សល់ទុកឲ្យកូននៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនជីប ម៉ុង បើកបុកម៉ូតូពីក្រោយ និងកិនស្រ្តីម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សុខ ការ អាយុ ៤៧ ឆ្នាំ មុខរបរជាកម្មករសំណង់ និងជាស្រ្តីមេម៉ាយ មានកូនប្រុសម្នាក់ ។ បច្ចុប្បន្នស្នាក់នៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិស្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BY-8009 ជាមួយបុរសម្នាក់ជាមេជាង ជាអ្នកឌុបជនរងគ្រោះ បានចេញដំណើរពីកន្លែងធ្វើការសំណង់ នៅការដ្ឋានមួយកន្លែង ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ តាមបណ្ដោយផ្លូវលេខ៥០ម៉ែត្រ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងរបស់ក្រុមហ៊ុនជីប ម៉ុង បើកបរក្នុងល្បឿនមួយយ៉ាងលឿន មកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យដួល ត្រូវរថយន្តកិនស្លាប់ស្រ្តីរងគ្រោះភ្លាមៗ នៅកន្លែងកើតហេតុ រីឯអ្នកបើកម៉ូតូបានខ្ទាតចេញទៅក្រៅ រងរបួសស្រាល ។ ខណ:នោះដែររថយន្តបង្កបានបន្តដំណើរបើកទៅមុខទៀត បានប្រហែល២០០ម៉ែត្រ ត្រូវបានពលរដ្ឋអ្នកធ្វើដំណើរតាមដងផ្លូវ ធ្វើការឃាត់ខ្លួនបានអ្នកបើកបរប្រគល់ឲ្យសមត្ថកិច្ច ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាង ទៅឲ្យសមត្ថកិច្ចជំនាញការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរក្សាទុក ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពនារីជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់