ព័ត៌មានជាតិ

ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យោធភូមិភាគទី៣ បើយុទ្ធនាការចាក់ដូសទី១នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង

ក្នុងយុទ្ធនាការថ្មីដែលក្រុមគ្រូពេទ្យកងទ័ព បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន នោះ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩យោធភូមិភាគទី៣ ត្រូវបានទទួលភារកិច្ចចាក់វ៉ាក់សាំងដូសទី១ ជូនប្រជាពលរដ្ឋចំនួន២ខេត្ត គឺស្ថិតនៅក្នុងភូមិសាស្រ្តក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោមការដឹកនាំ និងត្រូពិនិត្យយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម បានដឹកនាំក្រុមការងារដោយផ្ទាល់ ចុះពិនិត្យការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការីនី នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង។
ឯកឧត្តម មេបញ្ជាការ យោធភូមិភាគពិសេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះសម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ និងបានថ្លែងកោតសរសើរ វាយតំលៃខ្ពស់ចំពោះក្រុមការងារគ្រូពេទ្យជើងគោក បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវដែលថ្នាក់លើប្រគល់ជូនបានល្អប្រសើរតាមផែនការ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់មកចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើង និងសង្គមជាតិយើង ។
ឯកឧត្តម ក៏សំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាកម្មករកនិយោជិក ត្រូវចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការពារជំងឺកូវីដ-១៩ ដោយអនុវត្តវិធានការ ៣កុំ ៣ការពារ តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មតិយោបល់