ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញអាល់កុលក្លែងក្លាយ និងដកយកគំរូស្រាស មកវិភាគរកសារធាតុមេតាណុល បន្ទាប់ពីមានករណីពុលស្រាស្លាប់មនុស្សជាច្រើននាក់

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃអង្គារ ១៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងស្រាស នៅតាមបណ្តាទីផ្សារ និងកន្លែងផលិតស្រាស។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
ការចុះត្រួតពិនិត្យ និងដកយកសំណាកគំរូស្រានេះ គឺជាយុទ្ធនាការដែលអគ្គនាយកដ្ឋាន ក.ប.ប. បានដាក់ចេញឱ្យគ្រប់សាខា ក.ប.ប. រាជធានី ខេត្ត ចុះត្រួតពិនិត្យ ផ្សព្វផ្សាយការយល់ដឹង និងដកយកសំណាកគំរូស្រាស ស្រាថ្នាំ ពីបណ្តាកន្លែងផលិត ក៏ដូចជាលក់ស្រាស ឬស្រាថ្នាំនៅទូទាំងប្រទេស មកវិភាគរកសារធាតុមេតាណុល នៅមន្ទីរពិសោធន៍ របស់អគ្គនាយកដ្ឋាន បន្ទាប់ពីមានហេតុការណ៍ពុលស្រាបានកើតឡើងជាបន្តបន្ទាប់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់។

ជាលទ្ធផល មន្ត្រីជំនាញសាខា ក.ប.ប. បានដកយកសំណាកស្រាស ចំនួន ២៩គំរូ បញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. រួមមាន៖

  • ខេត្តកំពង់ចាម បានចំនួន ០៦គំរូ
  • ខេត្តត្បូងឃ្មុំ បានចំនួន ១០គំរូ
  • ខេត្តកំពង់ស្ពឺ បានចំនួន ០៨គំរូ និងបានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៤០លីត្រ
  • ខេត្តបន្ទាយមានជ័យ បានចំនួន ៥គំរូ បានរកឃើញ អាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ប្រមាណ ៦៦.៥លីត្រ។

បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់