ព័ត៌មានជាតិ

យុវជន២នាក់ ជិះម៉ូតូលឿន ជ្រុលបុករថយន្តព្រូសពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ: យុវជន២នាក់ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តម៉ាកព្រូសកំពុងតែបត់ឆ្លងផ្លូវ ចំពាក់កណ្តាលទ្វារពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តវិញ ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩ និង ៤០ នាទីយប់ថ្ងៃទី២៣ ខែមិនថុនា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខព្រលានយន្តហោះពោធិ៍ចិនតុង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2-X 8752 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានបត់បម្រុងឆ្លងផ្លូវ ក៏ត្រូវយុវជន២នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៩ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1-P 7185 ជ្រុលទៅបុកចំពាក់កណ្តាល ទ្វាររថយន្តព្រូសពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យ ។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋានបានចុះមកដល់ រួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយកម៉ូតូ និងរថយន្តយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់