ទឹកប្រាក់ឥណទានចំនួន ២០០លានដុល្លារ របស់ធនាគារពិភាពលោក(World Bank) ត្រូវបានបញ្ជាក់ថា គម្រោងនេះនឹងជួយកម្ពុជាក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ តាមរយៈកិច្ចអន្តរាគមន៍សង្គ្រោះទាន់ពេលវេលា និងចំគោលដៅសម្រាប់ពលរដ្ឋងាយរងគ្រោះ ការសម្រួលឲ្យសេដ្ឋកិច្ចរើបឡើងវិញដោយស្វាហាប់តាមរយៈការកែទម្រង់ជារចនាសម្ព័ន្ធ និងការកសាងភាពធន់សម្រាប់ទប់ទល់ទៅនឹងស្ថានភាពអង្រួនផ្នែកសេដ្ឋកិច្ចនាពេលអនាគត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក។
ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងសង្គមដែលមិនធ្លាប់មាន ខណៈកំណើនសេដ្ឋកិច្ចប្រទេសនេះកាលពីឆ្នាំ២០២០ បានរួញទំហំអស់ ៣,១% ហើយពេលនេះ កម្ពុជាកំពុងស្ថិតនៅកណ្តាលស្ថានភាពដ៏អាក្រក់នៃការឆ្លងវីរុសកូវីដ-១៩។ វិស័យដែលរងផល់ប៉ះពាល់ខ្លាំងបំផុត និងជាវិស័យដែលផ្តល់ការងារច្រើនជាងគេនោះរួមមាន កាត់ដេរ ទេសចរណ៍ និងសំណង់។ ខណៈដែលវិធានទប់ស្កាត់បញ្ហាប្រឈមសំខាន់ៗ នៅមិនទាន់មាន ការរាតត្បាតជំងឺនេះអាចនឹងបណ្តាលឱ្យភាពអត់ការងារធ្វើ និងភាពក្រីក្រកាន់តែកើនឡើងថែមទៀត ដែលក្នុងនោះ ពលរដ្ឋជិត ១លាននាក់ ត្រូវគេរំពឹងថានឹងធ្លាក់ចុះទៅក្នុងភាពក្រីក្រវិញ។ នេះបើតាម World Bank។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាពិតជាត្រូវការធនធាន ដែលអាចយកទៅបញ្ចេញឱ្យបានរហ័សសម្រាប់ទ្រទ្រង់ដល់កម្មវិធីគ្រប់ជ្រុងជ្រោយមួយរបស់រដ្ឋាភិបាល ដើម្បីការពារជនក្រីក្របំផុតពីផលប៉ះទង្គិចនៃវិបត្តិនេះ និងដើម្បីជួយដល់កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសឲ្យងើបឡើងវិញ។
មតិយោបល់