កំពង់ធំៈ ថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង ៣០នាទី មានករណីបុរសវ័យចំណាស់ម្នាក់ ផឹកស្រាស្រវឹងជោកជាំ ចុះទៅមុជទឹកស្រះមួយកន្លែង បណ្តាលឲ្យលង់ទឹកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅត្រង់ចំណុចភូមិសុជុល ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ អុល បឿន ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុ ។
មូលហេតុ៖ បណ្តាលមកពីស្រវឹងស្រាចុះមុជ ទឹកស្រះ បណ្តាលឲ្យលង់ទឹកស្លាប់ ។
នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានផឹកស្រាស្រវឹងជោកជាំ ។ បន្ទាប់មកក៏ដើរទៅមុជទឹកនៅស្រះមួយកន្លែង ដោយគ្មានអ្នកណាចាប់អារម្មណ៍នោះទេ ។ ដោយបាត់គាត់យូរពេក ធ្វើឲ្យអ្នកនៅក្បែរកន្លែងកើតហេតុនោះ មានការសង្ស័យ ក៏នាំគ្នាដើរទៅពិនិត្យមើលទើបដឹងថា ជនរងគ្រោះបានលង់ទឹកស្រះស្លាប់បាត់បង់ជីវិតទៅហើយ ទើបមានការភ្ញាក់ផ្អើលកើតឡើង នាំគ្នាចុះស្រង់យកសាកសពមកលើគោក រួចក៏រាយការណ៍ជូនទៅសមត្ថកិច្ច ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅធ្វើកោសល្យវិច្ច័យសព ។ បន្ទាប់ពីនិត្យរួច បញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់