បន្ទាយមានជ័យៈ យោងតាមលោក យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ សិទ្ធ ហ្វាហ្ស៊ី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួចមក លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សិទ្ធ សាក់រ៉ានី ភេទប្រុស អាយុ៤១ឆ្នាំ ដែលត្រូវជាបងបង្កើតរបស់ដើមបណ្ដឹង ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោក យ៉ាន់ សុវណ្ណ បានបញ្ជាក់ទៀតថា ក្រោយពីសួរនាំរួចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើគ្រឿងញៀនជាប្រចាំ ហើយពេលរូបគេខឹងនឹងប្អូនគេម្ដងៗ រូបគេតែងតែដុតបំផ្លាញសម្ភារ:នៅក្នុងផ្ទះ ជាច្រើនដងមានដូចជា តុ ទូ ទូរទស្សន៍ និងសម្ភារ:ផ្សេងៗទៀតផងដែរ។
ដោយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើងដោយទទួលបានការអនុញ្ញាតពីលោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីសំណាក់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ៕
មតិយោបល់