ប៉ៃលិនៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម៉ូតូ២គ្រឿង ជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង និងបានបុកគ្នា បណ្តាលឲ្យមនុស្សស្លាប់១នាក់ របួសធ្ងន់១នាក់ ខូចខាតម៉ូតូធ្ងន់២គ្រឿង កាលពីវេលាម៉ោង ០១ និង១៥នាទីទៀបភ្លឺ ថ្ងៃពុធ ០៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចមុខភ្នំយ៉ាត ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
មន្ត្រីនគរបាលក្រុងប៉ៃលិន បានឲ្យដឹងថា អ្នកបើកបរម៉ូតបង្ករឈ្មោះ ហុល សុភី ភេទប្រុស អាយុ៣០ឆ្នាំ រស់ភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរទាហាន (ស្លាប់នៅកន្លែងកើតហេតុ) ។ បើកបរម៉ូតូម៉ាក HONDA Dream ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន ១C-៤០៥៨ (រងការខូចខាតធ្ងន់) ។ ចំណែកឯអ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ពក ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំជាង រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរអ្នកកាប់គោ រងរបួលធ្ងន់ (បាក់ជើងខាងឆ្វេង របួសក្បាលធ្ងន់) ។ បើកបរម៉ូតូម៉ាក HONDA Dream ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១X-៨១២៧ ។
ក្រោយពីមានហេតុការកើតឡើង សពត្រូវបានប្រគល់ជូនគ្រូសារយកមកធ្វើបុណ្យតាមប្រពៃណី និងអ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ រីឯមធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន រង់ចាំការដោះស្រាយតាមនីតិវិធី ៕
មតិយោបល់