ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្កុកទុកសម្ភារៈរោងការទាំងស្រុង រាលដាលដល់ផ្ទះអ្នកជិតខាង និងរថយន្ត ១គ្រឿង

ភ្នំពេញ: នៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គិភ័យមួយកន្លែងកើតឡើងនៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍ ស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ម្ចាស់ឃ្លាំងរងគ្រោះឈ្មោះ អ៊ុន សុខឈាន់ ភេទប្រុស អាយុ ៣២ឆាំ្ន មានទីលំនៅទីតាំងខាងលើ ។

ឃ្លាំងខាងលើធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ ១៦ម៉ែត្រ x ២៣ម៉ែត្រ ត្រូវបានភ្លើងឆេះបំផ្លាញទាំងស្រុង, រថយន្ត១គ្រឿង និងបានរាលដល់រោងស្តុកដែកជន្ទារ ទំហំ១២ម៉ែត្រ x ២៣ម៉ែត្រ ចំនួន១រោង (ឆេះអស់៥០ភាគរយ) និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ភាគរយផងដែរ ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

ក្នុងហេតុការណ៍នេះផងដែរ សមត្ថកិច្ចបានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៦ឡាន ។ ជាមួយនោះ ក៏មានរថយន្តអគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, រថយន្តសាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនប្រេងឥន្ទន:សាវីម៉ីច ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ទើបអាចពន្លត់ភ្លើងបានទាំងស្រុងនៅម៉ោង ១១និង៥៥នាទីថ្ងៃដដែល ៕

មតិយោបល់