ព័ត៌មានជាតិ

មុខសញ្ញាធ្វើសកម្មភាពឆក់យ៉ាងសកម្ម ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ឃាត់ខ្លួនបាន០៤នាក់

ភ្នំពេញ: ជនសង្ស័យ០៤នាក់ ដែលជាមុខសញ្ញាឆក់ទូរស័ព្ទ និងសម្ភារ:មានតម្លៃយ៉ាងសកម្ម ត្រូវសមត្ថកិច្ចនគរបាល ប៉ុស្តិ៍នគរបាលកាកាបទី១ ធ្វើការឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ដែលជនសង្ស័យ កំពុងតែជិះម៉ូតូបម្រុងមិនធ្វើសកម្មភាពឆក់ប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១-ឈ្មោះ ផាត មិថុនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់ភូមិតាងួន សង្កាត់កាកាបទី១ ។ ទី២-ឈ្មោះ ចាន់ វឌ្ឍនវិបុល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌឫស្សីកែវ ។ ទី៣-ឈ្មោះ ចម្រើន ថុនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិតំណាក់ ខណ្ឌសែនសុខ ។ ទី៤-ឈ្មោះ ភឿន សុភ័ក្រដាវីត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:ដកហូតមាន៖ ម៉ូតូស្កុបពីពណ៌ក្រហមស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ 1EH-6580 និងស្កុបពីពណ៌ខៀវ ស៊េរី២០២០ ស្លាកលេខភ្នំពេញ 1II-2348 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ដោយកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី១ កំពុងធ្វើការល្បាតពួនស្ទាក់ នៅក្នុងមូលដ្ឋានស្របពេលនោះ ស្រាប់តែឃើញជនសង្ស័យខាងលើ កំពុងរៀបចំធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ពេលឃើញសមត្ថកិច្ចជនសង្ស័យ ព្យាយាមជិះម៉ូតូគេចតែត្រូវបានសមត្ថកិច្ចដេញ ធ្វើការឃាត់ខ្លួនបានភ្លាមៗ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី១ តែម្ដង ។

ក្រោយពីធ្វើការឃាត់ខ្លួន រួចជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាច្រើនលើកមកហើយ និងបម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍មូលដ្ឋាននគរបាលកាកាបទី១ កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនចាត់ការតាមនីតិវិធី ៕

មតិយោបល់