ភ្នំពេញៈ នៅវេលាម៉ោង១២ និង៤២ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តដឹកទឹកកកមួយគ្រឿង ក្នុងល្បឿនលឿន ស្រាប់តែដាច់ខ្សែធ្លាក់ធុងទឹកកក មកប៉ះចំកញ្ចក់រថយន្ត ជនជាតិចិន បណ្តាលឲ្យបាក់ខូចមួយចំហៀង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមប្រភពព័ត៌មានពីភ្នាក់ងារសារព័ត៌មាន Post News ចុះយកផ្ទាល់នៅទីតាំងកន្លែង កើតហេតុនោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកទឹកកកខាងលើ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តនោះ បានដាច់ខ្សែចងរឹត បណ្តាលឲ្យរបូតធ្លាក់ធុងទឹកកក មកប៉ះចំកញ្ចក់រថយន្តជនជាតិចិន ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AT-6198 បាក់មួយចំហៀង រងការខូចខាត បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាចោមរោមមើល ។
ករណីនេះបណ្តាលឲ្យបុរសជនជាតិចិន និងនារីខ្មែរម្នាក់ ដែលជាជនរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើនោះ មានការខឹងសម្បារយ៉ាងខ្លាំង និងស្តីបន្ទោសឲ្យតៃកុងរថយន្តបង្កថា ធ្វេសប្រហែសក្នុងការបើកបរ ដោយមិនមានការ ប្រុងប្រយ័ត្នបន្តិចសោះ ។ បន្ទាប់មកវត្តមាន មន្រ្តីសមត្ថកិច្ចនៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅដល់អន្តរាគមន៍ ឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ។
មួយសន្ទុះក្រោយមក ភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាត្រូវ ដោយបុរសជនជាតិចិន ព្រមយកសំណងតែមួយដុល្លារប៉ុណ្ណោះ ដើម្បីបញ្ចប់រឿង រួចក៏ចូលទៅក្នុងរថយន្តជាមួយនារីខ្មែរ បើកជិះចេញពីកន្លែងកើតហេតុ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ មិនបណ្តាលឲ្យមនុស្ស រងគ្រោះថ្នាក់នោះទេ ៕
មតិយោបល់