ព័ត៌មានជាតិ

ក្រុមជម្រើសជាតិកម្ពុជា (U-23) ស្ថិតនៅក្នុងពូល ជាមួយក្រុមខ្លាំងទាំងពីរនេះ ក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup 2022

យោងតាមការចាប់ឆ្នោតចែកពូល កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅទីស្នាក់ការកណ្ដាល នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបង្ហាញលទ្ធផលជាផ្លូវការ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់អាយុក្រោម២៣ឆ្នាំទ្វីបអាស៊ី លើកទី៥ ឆ្នាំ២០២២ (AFC U23 Asian Cup 2022) គឺក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) ស្ថិតនៅក្នុងពូល K ជាមួយក្រុមខ្លាំងៗទាំងពីរ គឺក្រុមជម្រើសជាតិជប៉ុន និងជម្រើសជាតិកូរ៉េខាងជើង។ ចំពោះក្រុមកម្ពុជានឹងធ្វើការកាន់តែធ្ងន់ធ្ងរ នៅក្នុងការប្រកួតប្រជែងជាមួយនឹងពីរក្រុមខ្លាំងៗប្រចាំទ្វីបអាស៊ី គឺជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងពូល K នេះ។

លទ្ធផលនៃការចាប់ឆ្នោតចែកពូល AFC U23 Asian Cup Uzbekistan 2022 នេះ មានក្រុមចូលរួមសរុបចំនួន៤២ ដោយត្រូវបែងចែកជា១១ពូល ក្នុងនោះពូលនីមួយៗមាន៤ក្រុមស្មើៗគ្នា លើកលែងតែពីរពូលប៉ុណ្ណោះ គឺពូល F និងពូល K មានត្រឹម៣ក្រុមដូចៗគ្នា។ សម្រាប់គម្រោងនៃកម្មវិធីប្រកួតជម្រុះតាមពូលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

តាមការកំណត់របស់ AFC បានកំណត់ព្រឹត្តិការណ៍នេះថា បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះក្នុងពូលទាំងអស់ គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង១១ ស្មើនឹង១១ក្រុម បូករួមទាំង៤ក្រុមផ្សេងទៀត ដែលជាក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេបំផុតនៃពូលនីមួយៗនឹងបានឡើងទៅបំពេញកៅអីសរុបចំនួន១៥ក្រុម ក្នុងការឡើងទៅប្រកួតនៅជុំផ្តាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ អ៊ូសបេគីស្ថាន (សរុប១៦ក្រុម) ដែលគ្រោងនឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី០១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Tashkent ប្រទេសអ៊ូសបេគីស្ថាន (Uzbekistan)។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup នេះ គឺក្រុម U23 កម្ពុជា ធ្លាប់បានចូលរួមប្រកួត កាលពីឆ្នាំ២០១៩ និងធ្វើម្ចាស់ផ្ទះវគ្គជម្រុះពូល H តែបានធ្លាក់ត្រឹមវគ្គជម្រុះ ក្រោយពីប្រកួតចាញ់ចាញ់អូស្ដ្រាលី ០ទល់៦, ចាញ់កូរ៉េខាងត្បូង ១ទល់៦ និងស្មើក្រុមឆាយនីតៃប៉ិ ១ទល់១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ AFC U23 Asian Cup ត្រូវបានបង្កើតឡើងជាលើកដំបូង កាលពីឆ្នាំ២០១៣ ដោយមានរយៈពេល២ឆ្នាំម្ដង៕

មតិយោបល់