ភ្នំពេញៈ ស្ត្រីវ័យចំណាស់ម្នាក់ មានទំនាស់ជាមួយប្តី បើករថយន្តឡិចស៊ីស RX 300 ពណ៌ស មួយគ្រឿង ឡើងលើស្ពានជ្រោយចង្វា ក្នុងគោលបំណងលោតទឹកសម្លាប់ខ្លួន តែត្រូវបានគេឃាត់ទាន់ ។
ហេតុការណ៍ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើស្ពានមិត្តភាពកម្ពុជា-ជប៉ុនជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីវ័យចំណាស់ខាងលើ បើកបររថយន្តមួយគ្រឿងម៉ាក lexus RX 300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS 1842 ធ្វើដំណើរពីររង្វង់មូលកួចកាណុង រួចឡើងទៅលើស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) លុះមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តហើយបើកទ្វាររថយន្តចុះដើរមកបង្កាន់ដៃស្ពាន ក្នុងគោលបំណង លោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋសហការជាមួយនឹងកម្លាំង សមត្ថកិច្ចចរាចរណ៍ នៅគោលដៅស្ពាននោះ ធ្វើការឃាត់ខ្លួនជួយសង្គ្រោះ អាយុជីវិតស្ត្រីរងគ្រោះទាន់ពេលវេលា ។
ស្រ្តីចំណាស់ដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន បានយំរៀបរាប់ថា មូលហេតុដែលគាត់គិតខ្លីបែបនេះ ដោយសារតែមានទំនាស់ ក្នុងក្រុមគ្រួសារជាមួយប្ដីរបស់ខ្លួន ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចណ៍ ការពារគោលដៅនៅរង្វង់មូលកួចកាណុង បានធ្វើការទាក់ទងទៅក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលយកស្ត្រីរងគ្រោះ ត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់