បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងទំនើង១ក្រុមមានគ្នា០៣នាក់ បានជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយកាំបិតគ្រប់ដៃ ដើម្បីស្វែងរកគូទំនាស់របស់ខ្លួនបង្កនូវភាព អសន្តិសុខក្នុងភូមិសាស្រ្ត ក្រុងសិរីសោភ័ណ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់បញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធីច្បាប់ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ដែលបានឃើញសកម្មភាព ក្រុមក្មេងទំនើងមានគ្នា០៣នាក់ ជិះម៉ូតូ០១គ្រឿង អូសកាំបិតតាមផ្លូវសាធារណ: បង្កភាពអនាធិបតេយ្យ ធ្វើឱ្យពួកគាត់មានការភ្ញាក់ផ្អើលនោះ និងដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួល ពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំង ចុះធ្វើប្រតិបត្តិការបង្រ្កាបបាននៅ វេលាម៉ោង០៧និង៥៨នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ និងដកហូតកាំបិតផ្គាក់ចំនួន០២ដើម ហើយបញ្ជូនមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ ។
លោកមេបញ្ជាការ បានឱ្យដឹងទៀតថា ក្មេងទំនើងទាំង០៣នាក់៖ ១/ឈ្មោះ ផូ ភា (ចយ) ភេទប្រុស អាយុ១៩ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ២/ឈ្មោះ មឿន ស៊ីណែត ភេទប្រុស អាយុ១៧ បច្ចុប្បន្ន រស់នៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ៣/ឈ្មោះ ង៉ាម សារុន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ទាំង៣នាក់នេះពេលកម្លាំងជំនាញសាកសួរ ពួកគេបានឆ្លើយសារភាពថា ពួកគេបានជិះម៉ូតូដោយមានកាំបិតនេះ គឺមានគោលបំណងស្វែងរកក្រុមក្មេងទំនើង០១ក្រុមទៀត ដើម្បីកាប់សងសឹក ពីព្រោះក្មេងទំនើងក្រុមនោះ ធ្លាប់បានដេញកាប់ពួកគេកន្លងមក ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងបានបញ្ជាក់ថា៖ ដោយផ្អែកលើបទល្មើសជាក់ស្ដែង និងចម្លើយរបស់ពួកគេទាំង០៣នាក់ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានរៀបចំសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្ត និងត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះហើយដែរ ៕
មតិយោបល់