ព័ត៌មានជាតិ

បុរសម្នាក់ ផឹកស៊ីស្រវឹង ដកកាំភ្លើងខ្លីសំញ៉ែងនៅលើតុ ម្ចាស់ហាងភ័យ ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង០១និង១៥នាទីរំលងអធ្រាត្រថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បុរសម្នាក់រួមនឹងមិត្តភ័ក្ដិ បានចូលទៅហូបអី នៅភោជនីយដ្ឋានមួយកន្លែង ផឹកស្រវឹងក៏ដកកាំភ្លើងខ្លីចេញមកអួតអាងពេញតុ ផឹកស៊ីនិងថែមទាំងអាមម៉េ បញ្ចូលគ្រាប់ ធ្វើឲ្យម្ចាស់ហាងភ័យខ្លាចមានរឿង ក្នុងហាងរបស់គាត់ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង នៅភោជនីយដ្ឋានយីហោ១៨ថ្មី២ ផ្លូវOCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនបង្កមានឈ្មោះ ឡាយ សាកន មុខរបរទាហាន មានឋាន:ជានាយក្រុម១ អនុសេនាតូច ការពារអង្គភាព បញ្ជារការដ្ឋានការពារកោះឆ្នេរកងទ័ពជើងទឹក ។

នៅមុនពេលកើតហេតុ បុរសខាងលើ និងមិត្តភក្ដិម្នាក់ទៀត បានចូលមកអង្គុយហូបអី នៅក្នុងភោជនីយដ្ឋានចំណុចកើតហេតុ រំលងបានជាងមួយម៉ោង បុរសនោះក៏ស្រវឹងស្រា ស្រាប់តែដកកាំភ្លើងខ្លីម៉ាក K59 មកដាក់សំញ៉ែងនៅលើតុ និងអាមម៉េបញ្ចូលគ្រាប់ ធ្វើឲ្យបុគ្គលិកនៅទីនោះ មានការភ័យខ្លាច ក៏មកប្រាប់ម្ចាស់ហាង ដោយឃើញដូច្នោះ អ្នកគ្រប់គ្រងនៅទីនោះខ្លាចមានរឿងរ៉ាវ ក្នុងហាង ក៏ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បន្ទាប់ពីបង្កការភ្ញាក់ផ្អើល បុរសខាងលើ ត្រូវបានកម្លាំងអន្តរាគមន៍ ពិសេសខណ្ឌជ្រោយចង្វា ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច នាំខ្លួនទៅប៉ុស្តិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់