ព័ត៌មានជាតិ

ប្រធានាធិបតី​ប្រេ​ស៊ី​ល​ បាន​និយាយ​ថា​ ប្រេ​ស៊ី​លនឹង​​យកឈ្នះ​អា​ហ្ស​ង់​ទីនដល់​ទៅ ៥-០

​ស្របពេល​ជាមួយ Euro ២០២០ ដែរ​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​អាមេរិក​ឡាទីន Copa America នឹង​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ខាងមុខ​នេះហើយ​ ដែល​នឹង​ជា​ជំនួប​រវាង​ក្រុម​យក្ស​ទាំងពីរ​នៅ​អាមេរិក​ខាងត្បូង ប្រេ​ស៊ី​ល​ជួប​អា​ហ្ស​ង់​ទីន​។

​​អំឡុង​ប្រជុំ​ជាមួយ​មេដឹកនាំ​អាមេរិក​ខាងត្បូង កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​តាមរយៈ​ប្រព័ន្ធ​អន​ឡាយ ប្រធានាធិបតី​ប្រេ​ស៊ី​ល​ លោក Jair Bolsonaro បាន​និយាយ​បែប​លេងសើច​ទៅកាន់​ប្រធានាធិបតី​អា​ហ្ស​ង់​ទីន​ លោក Alberto Fernandez ថា​ ប្រទេស​របស់​លោក​នឹង​យកឈ្នះ​អា​ហ្ស​ង់​ទីនដល់​ទៅ ៥-០​។ ​​ការប្រកួត​រវាង​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទីន​វគ្គ​ផ្តាច់ព្រ័ត្រ Copa America នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio do Maracana ទីក្រុង Rio de Janiero ប្រទេស​ប្រេ​ស៊ី​ល​។

​​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ​នឹង​ជា​ឱកាស​របស់​ខ្សែប្រយុទ្ធ​ ដែល​ផុត​កុងត្រា​ជាមួយ Barcelona, Lionel Messi ក្នុងការ​ស្វែង​រកពាន​លើកដំបូង​ឱ្យ​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន និង​បញ្ចប់​ការទន្ទឹងរង់ចាំ​របស់​អា​ហ្ស​ង់​ទីន​ ដែល​ខកខាន​ឈ្នះ​ជើងឯក​សំខាន់ៗ​ណាមួយ ២៨ឆ្នាំ​។ ​​អា​ហ្ស​ង់​ទីន​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក Copa America ច្រើនជាងគេ ១៤ដង បន្ទាប់ពី​អ៊ុយ​រូ​ហ្កា​យ​ដែល​ឈ្នះ ១៥ដង​។ ​តែ​អា​ហ្ស​ង់​ទីន​បាន​ខកខាន​ឈ្នះ​ជើងឯក Copa America នេះ​តាំងពី​ឆ្នាំ១៩៩៣​។ ​ចំណែក​ប្រេ​ស៊ី​ល​ធ្លាប់​ឈ្នះ​ជើងឯក ៩លើក​ និង​ឈ្នះ​ចុងក្រោយ​បំផុត​នៅ​ឆ្នាំ២០១៩៕

 

មតិយោបល់