ព័ត៌មានជាតិ

ករណីហិង្សា! បុរសម្នាក់យកចបជីកវាយ បណ្តាលឲ្យជនរងគ្រោះរបួសស្នាម

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង១០នាទី មានករណីហិង្សាដោយចេតនា បណ្តាលឲ្យជនរងគ្រោះ មានរបួសស្នាមបាក់ដៃខាងឆ្វេង ចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ផា វណ្ណ: ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ សង្កាត់កើតហេតុ ។
ជនសង្ស័យឈ្មោះ លីវ រ៉ាន់ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ភូមិសង្កាត់កើតហេតុ (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យក៖ ចបជីកចំនួនមួយប្រវែង១ម៉ែត្រ (របស់ជនសង្ស័យ) ។

កាលពីវេលាកើតហេតុខាងលើ ប្រពន្ធរបស់ជនសង្ស័យ និងមិត្តភក្តិបាននាំគ្នាផឹកស៊ីនៅមុខផ្ទះ ពេលនោះក៏ឃើញជនរងគ្រោះ បានជិះម៉ូតូកាត់មុខហើយស្តោះទឹកមាត់ដាក់ រួចប្រពន្ធជនសង្ស័យបានទៅសាកសួរថា ហេតុអីស្តោះទឹកមាត់មើលងាយខ្លួន ដូចជាសត្វឆ្កែ រហូតកើតជាទំនាស់ពាក្យសំដីគ្នាឡើង ពេលនោះជនរងគ្រោះបានទៅប្រតាយប្រតប់ នឹងច្របាច់កប្រពន្ធជនសង្ស័យ គាប់ជួននៅពេលនោះជនសង្ស័យមកដល់ ក៏បានស្ទុះទៅយកចបជីក វាយទៅលើជនរងគ្រោះ ចំដៃខាងឆ្វេងបណ្តាយឲ្យមានរបួសស្នាមតែម្តង ។

ក្រោយកើតហេតុរួច នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ក៏ត្រូវសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ចុះឃាត់ខ្លួនមកអធិការដ្ឋាន ចាត់ការតាមនិតិវិធីតែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់