ព័ត៌មានជាតិ

Update៖ អតីតសង្ឃក្លែងក្លាយ១៨នាក់ ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញៈ ជនសង្ស័យចំនួន១៨នាក់ ដែលស្លៀកស្បង់ចីវរក្លែងបន្លំជាព្រះសង្ឃ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ នេះ ។

ដោយទទួលបានព័ត៌មាន ពីលោកគ្រូអនុគណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរហូតឈានដល់ការ បង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ចីវរ ក្លែងបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ រៃអង្គាសប្រាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ ។

នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ចីវរក្លែងជាព្រះសង្ឃ០៩នាក់ និងម្នាក់ទៀតជាតៃកុងឡាន ត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡាន បានបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយទាំងនោះ ពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំងនេះ ហើយកម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យក្លែងបន្លំ ជាព្រះសង្ឃ០៨នាក់ទៀត ។

ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបានព្រះអនុគណខណ្ឌកំបូល ចាប់ផ្សឹកហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ចីវរមកឲ្យសមត្ថកិច្ច ដើម្បីក៏សាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់