បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់បានចងក សម្លាប់ខ្លួននៅលើដើមឈើ បណ្តាលឱ្យហើមស្អុយ ត្រូវបានប្រទះឃើញ នៅវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងជើងច្រកតាមឿន ចម្ងាយ៥០០ម៉ែត្រ ជាប់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា (សព)ឈ្មោះ ង៉ាន់ នួន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបន្តថា ក្រោយពីប្រជាពលរដ្ឋបានប្រទះឃើញសព រួចរាយការណ៍មកនគរបាល ការពារព្រំដែនអូរសាយ វរៈសេនាតូចការពារព្រំដែនគោកលេខ៨០៧ និងនគរប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀត នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញសពបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួននឹងដើមឈើ សភាពសពហើមរលួយក្លិនស្អុយ ។
នគរបាលបានបញ្ជាក់ថា តាមការឲ្យដឹងពីស្ត្រីជាប្រពន្ធ ប្តីរបស់គាត់និងកូនប្រាប់សមត្ថកិច្ចថា ប្តីឬឪពុករបស់គាត់ បានដើរបាត់ពីផ្ទះតាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១មកម៉្លេះ ដើររកមិនឃើញ លុះពេលឮដំណឹងថា មានគេប្រទះមានមនុស្សស្លាប់ ដោយចងក មកមើលទើបដឹងថា ជាប្តីនិងជាឪពុករបស់ខ្លួន ។ ក្រុមគ្រួសារបានបញ្ជាក់ថា បុរសដែលស្លាប់នេះនៅពេលផឹកស្រាស្រវឹង តែងតែរវើរវាយ និងធ្លាប់លេបថ្នាំប៉ងសម្លាប់ខ្លួន តែជួយសងគ្រោះបានលើកចងក ដោយគ្មានអ្នកដឹងនឹងជួយ ។
នគរបាលបានឲ្យដឹងទៀតថា ក្រោយពីរកឃើញសាច់ញាតិ សពត្រូវប្រគល់ជូនពួកគាត់ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់