ភ្នំពេញៈ ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋជាអ្នកដំណើរឲ្យប្រសើរឡើង និងដើម្បីឲ្យរាជធានីភ្នំពេញកាន់តែមានសោភ័ណភាពផងនោះ រដ្ឋបាលរាជធានី បានជួសជុលតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា ហើយមកដល់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ការដ្ឋានសម្រេចបាន១០០% និងកំពុងកំពុងដំណើរការអ៊ុតគំនូសចរាចរណ៍។
នេះបើតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេសប៊ុករបស់លោកប៉ា សុជាតិវង្ស ដែលក្នុងនោះបានសរសេរថា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ការដ្ឋានជួសជុលតិរវិថីព្រះស៊ីសុវត្ថិ ចាប់ពីរង្វង់មូលសម្តេចសង្ឃ ជួន ណាត ដល់ស្ពានជ្រោយចង្វា បានបព្ចាប់ការអ៊ុតកៅស៊ូ ១០០% និងកំពុងដំណើរការអ៊ុតគំនូសចរាចរណ៍។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមជួសជុល អ៊ុតកៅស៊ូផ្លូវថ្មី ចំនួន២ខ្សែ ដូចជាទី១. ពង្រីក៣ម៉ែត្រសងខាងផ្លូវលេខ៥៩៨ រួចអ៊ុតកៅស៊ូ ចាប់ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដល់ផ្លូវលេខ៥៩២ និងទី២. ជួសជុល និងអ៊ុតកៅស៊ូផ្លូវលេខ២៨៩ ឬវិថីសម្តេច ប៉ែន នុត និងដាក់លូ១ម៉ែត្រសងខាង ចាប់ពីរង្វង់មូលទួលគោកដល់អង់តែនទួលគោក៕
មតិយោបល់