ព័ត៌មានជាតិ

Update៖ រថយន្តកុងតៃន័រវ៉ាបុកម៉ូតូរ៉ឺម៉កកង់បីខ្ទេច ផ្ដាច់ជីវិតស្រ្តីម្នាក់ភ្លាមៗ និងចាស់ក្មេង ៨នាក់ទៀត រងរបួសធ្ងន់ស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកមនុស្សក្មេងចាស់ ៨នាក់ទៀត រងរបួសធ្ងន់ស្រាល រវាងរថយន្តកុងតៃន័របើកវ៉ាជែងបុកជាមួយរ៉ឺម៉កម៉ូតូកង់បីខ្ទេចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្ត្រីស្លាប់ក្នុងហេតុការណ៍ ឈ្មោះ វឿន ស្រីនី ហាវ ង៉ោល អាយុ ៤៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារថ្នល់ទទឹង ចំណែកអ្នកបើករ៉ឺម៉ក មានឈ្មោះ ម៉ៅ ដន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ … និងជនរងគ្រោះចំនួន ៨នាក់ទៀត មានក្មេងចាស់ សរុបជិះលើរ៉ឺម៉ក មានគ្នា ៩នាក់ ស្នាក់នៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយឡែករថយន្តបង្ក ពណ៌ពណ៌ ពាក់ស្លាកលេខ ព្រះសីហនុ 3A-6481 អ្នកបើកបរគេចខ្លួនបាត់ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលគាត់កើតហេតុ ពួកគាត់មានគ្នាសរុបក្មេងចាស់ ៩នាក់ ធ្វើដំណើរតាមរ៉ឺម៉កម៉ូតូកង់បី ពាក់ស្លាកលេខ កណ្តាល 1E-4031 ក្នុងបំណងចេញទៅម្តុំផ្សារជម្ពូវ័ន ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតៃន័រ បើកពីកើតទៅលិច ល្បឿនលឿន វ៉ាជែង ជ្រុលទៅបុកកៀររ៉ឺម៉ក បណ្តាលឲ្យកិនស្រ្តីម្នាក់ ស្លាប់ភ្លាមៗ និងមនុស្ស ៨នាក់ទៀតរងរបួស។

តាមប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍ផ្សេងទៀតបានឲ្យដឹងថា ពេលដែលរថយន្តកុងតៃន័រកៀរ៉ឺម៉កនោះភ្លាមៗ បណ្តាលឲ្យស្ត្រីរងគ្រោះម្នាក់ ផ្លោងហោះទៅបុកផ្ទប់កញ្ចក់រថយន្ត ធ្លាក់មកវិញ រថយន្តបើកកិនតែម្តង ទើបបណ្តាលឲ្យបែកក្បាលខ្ទេច ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ ជៀសវាងកកស្ទះ និងកសាងឯកសារ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ចមូលដ្ឋាន ប្រគល់ឲ្យទៅ ការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកមធ្យោបាយទាំង២ទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធី៕

មតិយោបល់