ភ្នំពេញៈ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណះកម្មការអភិវឌ្ឍន៍ទេសចរណ៍ហៅកាត់ថា គ.អ.ទ ដែលមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជាប្រធាន មានអនុប្រធាន៣រូប និងសមាជិក១៣នាក់ផ្សេងទៀត មកពីក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធជាច្រើនទៀត។
គ.អ.ទ មានតួនាទីភារកិច្ចដឹកនាំសម្របសម្រួលសហការជាមួយក្រសួងពាក់ព័ន្ធ អង្គការជាតិ អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍ និងផ្នែកឯកជន ដើម្បីលើកកម្ពស់ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយចិរភាព។
លើសពីនេះ គ.អ.ទ មានតួនាទីជំរុញការអនុវត្តច្បាប់ស្តីពីទេសចរណ៍និងគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ទេសចរណ៍ ពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ២០១២-២០២០ ប្រកបដោយប្រសិទ្ធភាព។
គ.អ.ទនេះដែរ ក៏មានតួនាទីរៀបចំរបាយការណ៍ បូកសរុបការងារអនុវត្ត ស្ថានភាពទេសចរណ៍ លើកយោបល់ ឬដំណោះស្រាយ ព្រមទាំងវិធានការនានាជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច។ រាល់ការចំណាយសម្រាប់ដំណើរការ គ.អ.ទ ត្រូវផ្គត់ផ្គង់ដោយថវិកាជាតិរបស់ក្រសួងទេចរណ៍ និងមានសិទ្ធទទួលនិងចាត់ចែងប្រើប្រាស់តាមនិតិវិធីច្បាប់ជាធរមាននូវធនធាន និងមូលនិធិដែលបានមកពីប្រភពផ្សេងៗទៀត សម្រាប់កិច្ចដំណើរការកាងាររបស់ខ្លួន។
នៅរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះ គ.អ.ទ បានបើកកិច្ចប្រជុំលើកទី១ របស់ខ្លួនក្រោមវត្តមានលោក ថោង ខុន និងអនុប្រធានព្រមទាំងសមាជិកជាច្រើនរូបទៀត៕
មតិយោបល់