ព័ត៌មានជាតិ

ជាងស៊ីឈ្នួលធ្វើដំបូលសំយ៉ាបផ្ទះម្នាក់ ឡើងផ្សារឆ្អឹងដែកលើដំបូល ត្រូវខ្សែភ្លើងឆក់ស្លាប់

ក្រចេះ: នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង០០នាទី មានករណីជាងដើរស៊ីឈ្នួលធ្វើដំបូលសំយ៉ាបផ្ទះម្នាក់ បានឡើងផ្សារឆ្អឹងដែកលើដំបូល ត្រូវខ្សែភ្លើងឆក់ធ្លាក់មកដល់ដីមានកម្ពស់៥ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅចំណុចភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

សពជនរងគ្រោះឈ្មោះ វីន រីណា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ ដើរស៊ីឈ្នួលធ្វើដំបូលសំយ៉ាបផ្ទះ មានទីលំនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ។

ជនរងគ្រោះបានមកស៊ីឈ្នួលធ្វើសំយ៉ាបផ្ទះឈ្មោះ អាន បូរី (ម្ចាស់ផ្ទះ) បានឡើងផ្សារឆ្អឹងដែកលើដំបូល ស្រាប់តែឆក់ខ្សែភ្លើង ក៏ធ្លាក់ពីដំបូលមកដល់ដី ដែលមានកម្ពស់ប្រហែល៥ម៉ែត្រ ពេលនោះម្ចាស់ផ្ទះនិងក្រុមគ្រួសារ បានដឹកជនរងគ្រោះ យកមកពេទ្យមណ្ឌលសុខភាពកំពង់ក្របី ដើម្បីជួយសង្គ្រោះដែរតែជួយពុំបាន ជនរងគ្រោះក៏បានស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ពិតប្រាកដមែន ហើយប្រគល់ទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់