ព័ត៌មានជាតិ

កូរ៉េខាងត្បូងស្វែងរកការបង្រួបបង្រួម ជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយសន្តិភាព និងផ្អែកទៅលើកិច្ចព្រមព្រៀង

មន្រ្តីនៃក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបាននិយាយបន្ទាប់ពីប្រធានគណបក្សប្រឆាំងដ៏ធំបានសម្តែងនូវបំណងចង់បង្រួបបង្រួមដោយការស្រូបយកថា ប្រទេសកូរ៉េខាងត្បូងស្វែងរកការបង្រួបបង្រួមជាមួយប្រទេសកូរ៉េខាងជើងតាមរយៈមធ្យោបាយសន្តិភាព និងផ្អែកទៅលើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ។

នៅក្នុងកិច្ចពិភាក្សាដេញដោលមួយតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក Lee Jun-seok ប្រធានគណបក្សអំណាចប្រជាជន (PPP) បាននិយាយថា លោក គឺជាអ្នកតស៊ូមតិដើម្បីការបង្រួបបង្រួមដោយការស្រូបយកដោយសន្តិវិធីជាមួយប្រទេសកូរ៉េខាងជើង។ លោកក៏បានអំពាវនាវសារជាថ្មីទៀតឱ្យដក ឬកែមុខងាររបស់ក្រសួងបង្រួបបង្រួមដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ។

មន្ត្រីក្រសួងនោះបានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងលក្ខខណ្ឌអនាមិកថា «រដ្ឋាភិបាលកូរ៉េខាងត្បូងមិនគាំទ្រការបង្រួបបង្រួមដោយការស្រូបយកទេ។ វាស្វែងរកការបង្រួបបង្រួមដោយសន្តិវិធីតាមរយៈការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការយ៉ាងរហ័ស ហើយទីបំផុតកិច្ចព្រមព្រៀងអន្តរកូរ៉េផ្អែកទៅលើការគោរពគ្នាទៅវិញទៅមក»។

មន្ត្រីរូបនោះបាននិយាយបន្ថែមថា «ការសម្រេចបាននូវបេសកកម្មបង្រួបបង្រួមដោយសន្តិវិធីដែលបានបញ្ជាក់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ មិនអាស្រ័យទៅលើការបង្រួបបង្រួមដោយការស្រូបយកនោះទេ»។

មន្ត្រីរូបនោះបានកត់សម្គាល់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងសេអ៊ូលមិនចង់បង្រួបបង្រួមដោយការស្រូបយក មធ្យោបាយសិប្បនិម្មិត ឬការផ្តួលរលំរបស់កូរ៉េខាងជើងនៅក្នុងសុន្ទរកថារបស់លោកកាលពីក្នុងឆ្នាំ ២០១៧ នៅទីក្រុងប៊ែរឡាំង៕

 

មតិយោបល់