ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តបើកឆ្លងផ្លូវ ត្រូវម៉ូតូធំបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-6262 ដែលបើកបរតាមបណ្តោយផ្លូវហាណូយ ក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុ មានរថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-0089 ដែលបើកឆ្លងផ្លូវពីលិចទៅកើត មកដល់ហួសពាក់កណ្តាលផ្លូវ សង្ស័យវាក់អើចាប់ហ្រ្វាំងមិនទាន់ ទើបបណ្តាលឲ្យម៉ូតូជ្រុលទៅបុកចំហៀង រថយន្តពេញទំហឹង បណ្តាលឲ្យដួលរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបររបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចុះដល់ទីតាំង និងរាយការណ៍បន្តទៅការិយាល័យចរាចរជើងគោក របស់ស្នងការក្រុង ចុះវាស់វែងយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ ៕
មតិយោបល់