ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តកូរ៉ឡាកៀររថយន្ត ១គ្រឿងទៀត ចតស្ងៀមរងការខូចខាត រួចព្យាយាមបើករត់ ត្រូវប្រជាពលរដ្ឋដេញឃាត់ជាប់

ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉ូឡាមួយគ្រឿងមិនប្រយ័ត្នបានរេចង្កូតទៅកៀរនឹងរថយន្តស៊េរីម៉ាក់ ហ៊ីយ៉ាន់ដាយស្តារិច មួយគ្រឿងទៀត ដែលម្ចាស់ចតនៅមុខផ្ទះ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច កាលពីវេលាម៉ោង ៩និង១០នាទីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នៅខាងកើតមន្ទីរពេទ្យកុមារជាតិតាមបណ្ដោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តទំនើបម៉ាក ហ៊ីយ៉ាន់ដាយស្តារិច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1865 ចតនៅមុខផ្ទះ ក្នុងទិសដៅពីកើតទៅលិច ខណៈនោះក៏មានរថយន្តកូរ៉ូឡា មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AX-4864 ធ្វើដំណើរតាមបណ្តោយផ្លូវ ២៥៣ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ មិនប្រយ័ត្នបានរេចង្កូតមកខាងស្ដាំ កៀរផ្នែករថយន្តខាងមុខ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់ ត្រូវបានជនរងគ្រោះជិះដេញពីក្រោយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះ នាំគ្នាជួយដេញរហូតដល់ចំណុចផ្លូវ៥៩៨ កែងនឹងផ្លូវរថភ្លើងត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បាននាំគ្នាឃាត់ជាប់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហើយបានធ្វើការឃាត់អ្នកបើកបរ និងរថយន្ត រួចឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោងទើបខាងភាគីបង្ក បានចេញសំណងចំនួន ១៥០ដុល្លារ ទៅឲ្យភាគីខាងរងគ្រោះ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

មតិយោបល់