ព័ត៌មានជាតិ

ចិនស្រវឹងស្រា បើករថយន្តរេចង្កូតបុកផ្ទះពលរដ្ឋ និងដើមឈើរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្ត lexus rx-400h បុកបង្គោលសំយ៉ាបផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យបាក់ដាច់អស់៣បង្គោល ហើយបន្តទៅបុកដើមក្ងោក នឹងរបងផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀត បាក់រាយប៉ាយនិងបាក់ដើមក្ងោកជាច្រើនកំណាត់ ឯរថយន្តទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី២៩ ខែកក្កដាឆ្នាំ ២០២១ នៅក្នុងបុរីឈូកវ៉ា២ ផ្លូវលេខ១ ភូមិរុក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីសន្តិសុខយាម នៅក្នុងបូរីកន្លែងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសជនជាតិចិនម្នាក់ ស្រវឹងស្រាបើករថយន្ត lexus rx-400h ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AD-7050 ធ្វើដំណើរទៅដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុខាងលើ បាននៅខាងស្ដាំដៃជ្រុលទៅបុកបង្គោល សំយ៉ាបផ្ទះជាពលរដ្ឋមួយកន្លែង បាក់ដាច់អស់៣ បង្គោលខូចខាតស្ទើរទាំងស្រុង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន បានរេចង្កូតឆ្លងផ្លូវម្ខាងទៀត ទៅខាងឆ្វេងដៃ ទៅបុកដើមក្ងោកនិងរបងផ្ទះពលរដ្ឋមួយកន្លែងទៀត បណ្តាលបាក់បែករាយប៉ាយ និងដើមក្ងោកបាក់ជាច្រើនកំណាត់ ឯរថយន្តខូចខាត ផ្នែកខាងមុខយ៉ាងដំណំ ទៅមុខលែងរួច ។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានទុករថយន្តឲ្យសន្តិសុខមើល ការខុសត្រូវមួយយប់ចាំព្រឹកឡើង មកធ្វើការដោះស្រាយ ជាមួយភាគីម្ចាស់ផ្ទះដើម្បីបញ្ចប់រឿង ៕

មតិយោបល់