ព័ត៌មានជាតិ

បុរសម្នាក់សុំភរិយាដើម យកប្រពន្ធមួយទៀតមិនបានដូចបំណង ផឹកស្រវឹងចងកសម្លាប់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣១នាទីយប់ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ករណីបុរសម្នាក់ សុំភរិយាដើមយកស្រីស្នេហ៍ លួចលាក់ម្នាក់ទៀត ធ្វើជាប្រពន្ធទី២ចេញមុខ មិនបានដូចបំណង ផឹកស្រវឹងគិតខ្លីចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនស្រីអាយុ៦ឆ្នាំ អោយកំព្រាគ្មានឪពុក បង្កការភ្ញាក់ផ្អើលកើតឡើង នៅក្នុងបន្ទប់ជួលលេខD3 ផ្លូវកែវចិន្តាភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លី ប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងជួសជុលត្រាក់ទ័រ មានស្រុកកំណើតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីប្រពន្ធដើមឈ្មោះ វន សារីន អាយុ៣៣ឆ្នាំ មុខរបរលក់ទឹកអំពៅ មានស្រុកកំណើត នៅភូមិច្របក់ជ្រុំ ឃុំប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ បានអោយដឹងថា រូបគាត់និងស្វាមីបានចាប់ដៃគ្នាជាប្តីប្រពន្ធរយៈពេល៩ឆ្នាំមកហើយ និងមានកូនស្រីម្នាក់អាយុ៦ឆ្នាំ ជាចំណងដៃជីវិតអាពាហ៍ពិពាហ៍ នៅក្នុងគ្រួសារផងដែរ ហើយពួកគាត់ស្រលាញ់គ្នា មិនដែលមានរឿងឈ្លោះប្រកែកធំដុំនោះទេ ។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ប្តីរបស់គាត់បែកចិត្ត បានលួចទាក់ទងស្រីថ្មី ហើយរូបគាត់ក៏ធ្លាប់តាមទាន់ច្រើនលើកច្រើនសាមកហើយដែរ ហើយប្តីក៏បានសុំអង្វរគាត់ អោយយល់ព្រមយកស្រីស្នេហ៍ នោះធ្វើជាប្រពន្ធទី២ចេញចំហមុខ តែប្រពន្ធមិនព្រម ។

នៅយប់កើតហេតុ ប្តីរបស់គាត់បានទិញស្រាយកហូបក្នុងបន្ទប់ជួល ជាមួយមិត្តភក្ដិហើយប្រពន្ធក៏បានចូលរួមដែរ ដោយនិយាយគ្នាលេងសើច ក្អាកក្អាយពេញបន្ទប់ ។ លុះដល់វេលាម៉ោងជាង១១យប់ ក៏នាំគ្នាឈប់ផឹក និងបានចែកផ្លូវគ្នា ត្រលប់ទៅផ្ទះរៀងៗខ្លួន ។ បន្ទាប់មកក៏បានរៀបចំ បោសសម្អាតបន្ទប់រួច ក៏ចូលគេងជាមួយគ្នា ហើយគាត់ជាប្រពន្ធ គេងលក់មួយភាំងដឹងខ្លួនឡើងនៅម៉ោងប្រហែលជា១កន្លះយប់ មិនឃើញប្តីដេកជិតក៏ចេញពីមុង បើកភ្លើងបន្ទប់រកមើលប្តី ក៏ប្រទះឃើញគាត់យកខ្សែខោទៅចងនឹងធ្នឹមទ្វារបន្ទប់ទឹកសម្លាប់ខ្លួន ហើយគាត់ក៏ស្រវាយកកាំបិតមកកាត់ខ្សែ ដើម្បីជួយសង្គ្រោះប្តី តែជាអកុសលប្តីរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារចងកធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន ។ បន្ទាប់មកប្រពន្ធ និងសាច់ញាតិដឹកយក ទៅតម្កល់នៅវត្តចាស់ ក្នុងសង្កាត់ ជ្រោយចង្វា ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់