ព័ត៌មានជាតិ

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំងសុីណូវ៉ាក់ ចំនួន ១លានដូស ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកស្អែក

តាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទវ៉ាក់សាំង( សុីណូវ៉ាក់)ចំនួន ១លានដូសបន្ថែមទៀត ដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិន នឹងដឹកមកដល់កម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២១ ស្អែកនេះ។
គិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរបស់ខ្លួន បានប្រមាណជាង ៧លាននាក់រួចហើយ ដែលស្មើនឹងប្រមាណជាង ៧១%ធៀបនឹងគោលដៅចំនួន ១០ លាន នាក់។
បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋាន មួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២១ តទៅ ដែលយុទ្ធនាការនេះ នឹងប្រារព្ធធ្វើក្នុងបរិវេណវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី។
កន្លងមក ក៏ដូចជាបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង ប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
រាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលគិតត្រឹមថ្ងៃទី ៣០ខែកក្កដា ឆ្នាំ ២០២១នេះ កម្ពុជាមានវ៉ាក់សាំងចំនួន ជាង១៧លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
សូមជម្រាបថា នៅក្នុងសីហា និង ខែកញ្ញា ឆ្នាំ ២០២១ខាងមុខ កម្ពុជានឹងទទួលវ៉ាក់សាំងសុីណូវ៉ាក់ចំនួន ៥លានដូសបន្ថែមទៀត ក្នុងនោះខែ សីហា មកដល់ចំនួន ៣លានដូស និង ខែកញ្ញា មកដល់ចំនួន ២លានដូស។ ក្នុងចំណោមវ៉ាក់សាំងទាំង ៥លានដូសនេះ គឺសម្រាប់ចាក់ជូន កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ ឆ្នាំ ដល់ ១៧ ឆ្នាំ និងសម្រាប់ចាក់ជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ ឆ្នាំ ឡើងទៅផងដែរ។
វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស។
សូមបញ្ជាក់ថា នៅកម្ពុជា​ គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១​ កំណើនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានចំនួនសរុប ៧,១៣១,១៨៤នាក់ស្មើនឹង ៧១.៣១%ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

មតិយោបល់