ព័ត៌មានជាតិ

នារីម្នាក់បើកតូយ៉ូតាព្រូសគេចឡានមិត្តភក្ដិនៅខាងមុខ រេចង្កូតបុកបង្គោលភ្លើងនិងរបងការដ្ឋាន

ភ្នំពេញៈ នៅវេលាម៉ោង០១និង១៦នាទីយប់រំលងអធ្រាត្រថ្ងៃ០៣ ខែសីហា ឆ្នាំ១០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នារីម្នាក់បើករថយន្តមួយគ្រឿង ធ្វើដំណើរពីក្រោយរថយន្តមិត្តភក្ដិខ្លួន ចំនួន២គ្រឿងទៀត ដោយមិត្តភក្ដិបើកពីមុខ បានឈ្លោះប្រកែកគ្នា ជាមួយសង្សារ ទាញដៃចង្កូតរថយន្តបណ្តាលឲ្យរេពេញផ្លូវ ធ្វើឲ្យនាងភ្ញាក់ងាកចង្កូតគេច បណ្តាលឲ្យជ្រុលបុក បង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបាក់រៀបដល់ដី និងបន្តទៅបុកទម្លុះរបងការដ្ឋានសំណង់មួយកន្លែង កំពុងសាងសង់ទៅបុកផ្ទប់ ជញ្ជាំងបេតុងខាងក្នុង ទើបរថយន្ដអស់ល្បឿនទៅមុខលែងរួច បង្កឲ្យនារីជាម្ចាស់រថយន្តរបួស ស្ថិតតាមបណ្ដោយផ្លូវ២៧១ ខាងត្បូងផ្សារហេងលី សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BG-4152 បើកបរដោយនារីស្រស់ស្អាតម្នាក់ រងរបួសស្រាលត្រង់ដៃ ។

ករណីខាងលើនេះ នៅមុនពេលកើតហេតុ យោងតាមប្រភពព័ត៌មាន ពីនារីរងគ្រោះជាម្ចាស់រថយន្តបង្ក បានឲ្យដឹងថា គឺគាត់បើករថយន្តខាងលើតែម្នាក់ឯង បានធ្វើដំណើរពីក្រោយរថយន្តមិត្តភក្ដិរសបស់គាត់ចំនួន០២គ្រឿងទៀត ដែលធ្វើដំណើរនៅខាងមុខ ពេលមកដល់កន្លែងកើតហេតុ មិត្តភក្ដិគាត់បានឈ្លោះប្រកែកគ្នាជាមួយសង្សារនៅក្នុងរថយន្ត និងមានការប្រទាញចង្កូតរថយន្តធ្វើអោយរេពេញផ្លូវ គាត់ក៏ភ្ញាក់បើកងាកចង្កូតគេច ក៏ជ្រុលបុកបង្គោលភ្លើង និងបន្តបុកទម្លុះរបងការដ្ឋានសំណង់កំពុងសាងសង់ បណ្តាលឲ្យដែករបងធ្លុះទ្វាររថយន្តខាងឆ្វេងចាក់ត្រូវដៃគាត់រងរបួស ហើយមិនទាន់អស់ល្បឿន ក៏ទៅបុកផ្ទប់ជញ្ជាំងបេតុងបន្ថែមទៀត ទើបរថយន្ដទៅមុខលែងរួច បណ្តាលឲ្យខូចខាតខ្ទេច មួយកំណាត់មុខ និងចំហៀងខាងឆ្វេង ។ បន្ទាប់កើតហេតុភ្លាមៗ រថយន្តមិត្តភក្ដិរបស់គាត់ បានបើកគេចចេញទៅបាត់អស់ នៅសល់តែនារីរងគ្រោះ ត្រូវបានកម្លាំងល្បាតខណ្ឌទួលគោក ជួយសង្គ្រោះទាញចេញពីរថយន្ត និងបានទាក់ទងហៅរថយន្ដសង្គ្រោះ មកដឹកជនរងគ្រោះទៅព្យាបាលផងដែរ ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញវាស់វែង និងស្ទូចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំនារីរងគ្រោះ ចូលខ្លួនដោះស្រាយ សងការខូចខាតបង្គោលភ្លើង និងរបងការដ្ឋានសំណង់នៅពេលក្រោយតាមនីតិវិធីច្បាប់ ៕

មតិយោបល់