ព័ត៌មានជាតិ

Update៖ បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើង គាបស្លាប់ក្នុងកាប៊ីនចោលប្រពន្ធនិងកូនក្នុងផ្ទៃ

ភ្នំពេញ: រន្ធត់ណាស់ បុរសម្នាក់បានគាបស្លាប់ នៅក្នុងការប៊ីនមុខភ្លាមៗ បន្ទាប់ពីបើករថយន្ត Lexus NX200t មួយគ្រឿង ក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះតូបលក់កាហ្វេ រួចបន្តទៅបុករះបង្គោលភ្លើង និងបង្គោលថ្មរបងផ្ទះពលរដ្ឋមួយដើមទៀត បណ្តាលឲ្យរថយន្តដាច់ជាបំណែកនៅសល់តែគ្រោងឆ្អឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង០២និង៣០នាទីយប់ រំលងអធ្រាតឈានចូលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ចំណុចទល់មុខ និងព្រលានយន្តហោះពោធិចិនតុង ដែលស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ស៊ុន សុភាព ភេទប្រុស អាយុ២៦ ឆ្នាំ មានប្រពន្ធនិងកូន១ក្នុងផ្ទៃ មុខរបរជាអ្នកបើករថយន្ត មានស្រុកកំណើតនៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីសន្តិសុខម្នាក់ បានឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញ បុរសម្នាក់ បានបើករថយន្តម៉ាក LexusNX200t មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-1056 បើកបរតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនមួយយ៉ាងលឿន ខណ:មកដល់ចំណុច កើតហេតុខាងលើ បានរេចង្កូតទៅ បុករះតូប លក់ការហ្វេ រួចបន្តទៅបុកបង្គោលភ្លើង និងបង្គោលថ្មរបងផ្ទះពលរដ្ឋមួយដើមទៀត បណ្តាលឲ្យរថយន្តដាច់ ជាកំណាត់សល់ តែគ្រោងឆ្អឹង ចំណែកឯម្ចាស់រថយន្តបានគាបជាប់នៅក្នុងការប៊ីនស្លាប់យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងផ្នែក ជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងចរាចរណ៍ជំនាញក្រុង ឱ្យចុះមកធ្វើការវាស់វែង យករថយន្តបង្កខាងលើទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញ នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕

មតិយោបល់