ព័ត៌មានជាតិ

រថយន្តឃ្លប់ដឹកទំនិញ គេចម៉ូតូឡើងសួនផ្លូវបុកបង្គោលស្លាក បាក់កល់ទៅមុខលែងរួច

ភ្នំពេញ: រថយន្តឃ្លប់ដឹកទំនិញធន់ធំមួយគ្រឿង ខណៈកំពុងបើកដល់ចំណុចផ្លូវកែង បួងចង្កូតគេចអ្នកធ្វើដំណើរតាមម៉ូតូ បណ្តាលឲ្យឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ និងជ្រុលទៅបុកបង្គោលស្លាកសញ្ញាឆ្លងផ្លូវ បាក់រាបស្មើដីកល់ជាប់ទៅមុខលែងរួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ មុខខ្លោងទ្វារវត្ត ជន្លង់ម្លូ ក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ព្រំប្រទល់និង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត ហ៊ីយ៉ាន់ដាយ ប្រភេទឃ្លប់ដឹកទំនិញធន់ធំខាងលើ ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-4183 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតដោយចេញពីច្រកវត្តជន្លង់ម្លូ រហូតមកដល់ផ្លូវជាតិ លេខ៣ បានបត់ឆ្វេងស្របពេលនោះ មានអ្នកធ្វើដំណើរតាមម៉ូតូឆ្លងផ្លូវដូចគ្នា ក៏បួងចង្កូតគេបណ្តាលឲ្យឡើង សួនពុះចែកទ្រូងផ្លូវ និងជ្រុលទៅបុកបង្គោលស្លាកសញ្ញាបាក់រាបស្មើដីកល់ជាប់ទៅមុខលែងរួចតែម្តង សំណាងមិនមានអ្នករងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ចុះវាស់វែងយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់