ភ្នំពេញៈ ថ្លែងពីប៉ុស្ដិ៍រដ្ឋបាលនគរបាលចតុមុខ នៅមុននេះបន្តិច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា សម្ដេចនឹងមិនមកប៉ុស្ដិ៍នគរបាល ជាលើកទី២ ឲ្យមន្ត្រីនគរបាលធ្វើផាកពិន័យទេ។
សម្ដេចថ្លែងប្រាប់ក្រុមសារព័ត៌មាននៅប៉ុស្ដិ៍នគរបាលចតុមុខ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បន្តទៀតថា ប្រសិនប្រជាពលរដ្ឋស្រឡាញ់ និងគាំទ្រសម្ដេច ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដែលបញ្ហានេះជាបញ្ហាសំខាន់ ហើយសម្ដេចក៏សុំការយោគយល់ផងដែរ ចំពោះការអនុវត្តច្បាប់របស់មន្ត្រីនគរបាលមានសមត្ថកិច្ច។
គួរជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញទៅកាន់ប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីបង់ការផាកពិន័យចំពោះកំហុសជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីសប្តាហ៍មុន។
សម្ដេចថា “ខ្ញុំសូមកោតសរសើរដល់នគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដែលអនុវត្តន៍ច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំ រាប់ទាំងនាយករដ្ឋមន្ត្រីផង។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងអស់ កុំថ្នាំងថ្នាក់ជាមួយនគរបាលដែលផាកពិន័យខ្ញុំ តែផ្ទុយទៅវិញ ត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ទាំងអស់គ្នា”៕
មតិយោបល់