ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីវាយយកម៉ូតូ នៅចំណុចមុខផ្ទះជួល ផ្លូវ បេតុង ភូមិ ទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ នូ សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ លក់បាយ និងគុយទាវ ។
ជនសង្ស័យឈ្មោះ វណ្ណ រតនា ហៅ ឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។
ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពី វេលាម៉ោង០៤:២០នាទី ទៀបភ្លឺ ជនរងគ្រោះបានបណ្តើរម៉ូតូចេញក្នុងពីផ្ទះជួល កន្លែងកើតហេតុ យកមកចតទុកនៅមុខផ្ទះ ដោយមានជាប់កូនសោរម៉ូតូនៅលើម៉ូតូ ហើយជនរងគ្រោះរវល់អោនកើបសំរាមនៅក្បែរម៉ូតូ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ឈ្មោះ វណ្ណ រតនា ហៅ ឌី , ឈ្មោះ រ៉ាម៉ន ភេទប្រុស និងឈ្មោះ ចាក់ក ភេទប្រុស បានជិះម៉ូតូមួយគ្រឿង មិនស្គាល់ម៉ាក និងផ្លាកលេខ មកដល់ក៏ឈប់ម៉ូតូ ពេលនោះជនសង្ស័យឈ្មោះ វណ្ណ រតនា ហៅ ឌី បានចុះពីលើម៉ូតូមកទាត់ជនរងគ្រោះចំនួន០១ជើង បណ្ដាលឲ្យដួលហើយជនសង្ស័យឈ្មោះ វណ្ណ រតនា ហៅ ឌី បានឡើងជិះម៉ូតូរបស់ជនរងគ្រោះបំរុងគេចខ្លួន ក៏ត្រូវបានជនរងគ្រោះងើបឡើងវិញទាន់ចាប់ទាញផ្តួលម៉ូតូឲ្យដួល និងបានប្រតាយប្រតប់គ្នាជាមួយជនសង្ស័យ។
ខណៈនោះជនរងគ្រោះ បានស្រែកឆោឡោឡើងឲ្យគេជួយ ភ្លាមៗនោះមានអ្នកជិតខាងនាំគ្នាមកជួយដេញ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វណ្ណ រតនា ហៅ ឌី យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ។ ចំណែកបក្សពួក ០២នាក់ទៀត ឈ្មោះ រ៉ាម៉ន និងឈ្មោះ ចាក់ក បានរត់គេចខ្លួនបាត់។
វត្ថុតាងចាប់យក៖ -ម៉ូតូ ០១គ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ ១CD-៤១០៣ ជារបស់ជនរងគ្រោះ។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ។
បច្ចប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់