ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគាស់ជញ្ជាំងឃ្លាំងលួចម៉ាស៊ីនត្រជាក់

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ម៉ោង១៦និង០០នាទី សមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីប្រើទួណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំង លួចម៉ាស៊ីនត្រជាក់ នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៣៦៩ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ បាន សុខ ភេទប្រុស អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់ នៅផ្ទះលេខ១០P ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឃាត់ខ្លួនចំនួនួ ០២នាក់ ៖១-ឈ្មោះ សា អាពូកើត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរគ្មាន ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ។ ២-ឈ្មោះង្វៀង យ៉ាំងចាយ ភេទ ប្រុស អាយុ២១ឆ្នាំ ជនជាតិ វៀតណាម មុខរបរគ្មាន ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២។

មុនពេលកើតហេតុជនរងគ្រោះ បានទុកម៉ាស៊ីនត្រជាក់ជាច្រើនគ្រឿងម៉ាក Panasonic និង Toshiba នៅក្នុងឃ្លាំង ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន ០៧នាក់ ឈ្មោះសា អាពូកើត, ឈ្មោះ ង្វៀង យ៉ាំងចាយ, ឈ្មោះ ពៅ, ឈ្មោះ គូ, ឈ្មោះ គួ, ឈ្មោះ យ៉ាវ និងឈ្មោះ ដំរី នាំគ្នាជិះទូកឈើ ០២គ្រឿង មកឈប់ច្រាំងទន្លេក្រោយឃ្លាំង រួចនាំគ្នាយកទួរណឺវ៉ីសគាស់ជញ្ជាំងស័ង្កសីឃ្លាំង លួចក្បាលម៉ាស៊ីន០៥គ្រឿង និងកញ្ច្រែងកម្ដៅម៉ាស៊ីនត្រជាក់១០គ្រឿង នាំគ្នាគេចខ្លួន ។

បន្ទាប់មកជនសង្ស័យឈ្មោះ ពៅ និងឈ្មោះគូ ជាអ្នកយកទៅលក់ បានលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់ ។ លុះដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ម៉ោង១៦និង០០នាទី សមត្ថកិច្ចបាន​បើក​ការ​ស្រាវជ្រាវ ឈាន​ដល់​ការ​ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ឈ្មោះ សា អាពូកើត និងឈ្មោះ ង្វៀង យ៉ាងចាយ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា បញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការសាកសួរ ។ បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា កន្លងមកជនសង្ស័យទាំង០៧នាក់ ធ្លាប់ជិះទូក មកលួចក្បាលម៉ាស៊ីន និងកញ្ច្រែងកម្ដៅម៉ាស៊ីនត្រជាក់៤០គ្រឿងម្តងមកហើយ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់