-

រយ:ពេល ២ថ្ងៃសមត្ថកិច្ចបង្ក្រាប និងឃាត់ខ្លួនជនជាតិចិនម្នាក់ រួមទាំងគ្រឿងញៀនជាង ១០គីឡូក្រាម

ភ្នំពេញ: ប្រតិបត្តិការណ៍រយ:ពេល ២ថ្ងៃ ( ០៦-០៧ ខែសីហា ២០២១ ) បង្ក្រាបគ្រឿងញៀន ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ និងគ្រឿងញៀនជាច្រើនប្រភេទ សរុបជាង ១០គីឡូក្រាម និងសារធាតុសង្ស័យមួយចំនួនទៀតប្រហែលជា ៦គីឡូក្រាម។

ដោយអនុវត្តតាមបទបញ្ជារបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោក គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំធ្វើការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបជាក់ស្តែងករណី ផលិតកែច្នៃ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចរង្វង់មូលផ្សារដើមថ្កូវផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ភេទប្រុស ជនជាតិចិន ។ កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ម៉ោង ៤និង០០នាទីទៀបភ្លឺ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានល្បាតដល់ចំណុចរង្វង់មូលផ្សារដើមថ្កូវ ផ្លូវ៤៣០ ក្រុម១៧ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ឃើញជនសង្ស័យឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ជិះម៉ូតូម៉ាកឃ្លីកពណ៌ក្រហម ដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីធ្វើការត្រួតពិនិត្យ ដោយបានរកឃើញម្សៅម៉ត់ពណ៌សចំនួន០៥កញ្ចប់ថង់ នៅក្នុងកាបូបស្ពាយពណ៌ខ្មៅ សមត្ថកិច្ចក៏បានធ្វើការដកហូត រួចនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីធ្វើការសាកសួរតាមនីតិវិធី។ ជាបន្ដនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង១០នាទី ការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌចម្ការមន និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះទៅធ្វើការបំភ្លឺអ្នកគ្រប់គ្រងសណ្ឋាគារ វីបូទិក ផ្លូវ១៤៣ កែងផ្លូវ៣០៤ ភូមិ៥ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រកឃើញ លិខិតឆ្លងដែនចំនួន០១ច្បាប់(ថតចម្លង)មានឈ្មោះ HUANG XULONG និងទទួលបានព័ត៌មានមួយចំនួន លុះវេលាម៉ោង ១៥និង៣០នាទី ដោយមានការចូលរួមផ្ទាល់ពីលោក សំម ឫទ្ធីវាសនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌចម្ការមន និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នាំខ្លួនជនសង្ស័យ ឈ្មោះ ហ្វ័ង ស៊ីឡុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ទៅបន្តឆែកឆេរខុនដូរ លំនៅដ្ឋាន អ៊ិល បឹងទំពុន សង្កាត់បឹងទំពុន២ ខណ្ឌមាជ័យ រកឃើញ វត្ថុតាងជាគ្រឿងញៀនរួមមាន៖ គ្រឿងញៀនគ្រប់ប្រភេទសរុបទម្ងន់ប្រហែលជា ១០គីឡូក្រាម និងសារធាតុសង្ស័យផ្សេងទៀតប្រហែលជា ៦គីឡូក្រាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យជាជនជាតិចិន និងវត្ថុតាងជាគ្រឿងញៀន ទៅសាលាដំបូងរាជធានីភ្នពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់