ភ្នំពេញៈ នៅវេលាម៉ោង០៩ និង៤០នាទីយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ មានករណីបុរសវ័យចំណាស់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ បាត់បង់ជីវិត ក្រោយពេលដឹកយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងភូមិត្រពាំងព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ ហោ ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់ភូមិត្រពាំងព្រីង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីផ្ទះទៅតភ្លើង ឲ្យផ្ទះអ្នកនៅជិតខាង ខណៈដែលគាត់បានឡើងទៅរៀបចំតភ្លើង ស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យគាត់ធ្លាក់មកក្រោម ចូលអាងទឹក ។ បន្ទាប់មកមានបងប្អូនប្រុសស្រីជាច្រើននាក់ លើកជនរងគ្រោះ យកមកកប់ខ្សាច់អស់រយៈពេលជិតមួយម៉ោង ។ ដោយជនរងគ្រោះមានសភាពស្លេកស្លាំង បាត់មាត់បាត់ក រួចក្រុមគ្រួសារក៏បានដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីសង្គ្រោះបន្ទាន់ ។ ខណៈពេលចូលដល់មន្ទីរពេទ្យ ដោយក្រុមគ្រូពេទ្យពិនិត្យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រុមគ្រួសារបានដឹកត្រឡប់មកផ្ទះវិញ ហើយបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនិងធ្វើកំណត់ហេតុ ឲ្យក្រុមគ្រួសារយកសព ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់