ភ្នំពេញៈ យោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា លោកព្រះរាជអាជ្ញារង កែវ សុជាតិ ទទួលចាត់ការរឿងក្តីនេះ ហើយកំពុងសួរចម្លើយជនសង្ស័យ និងពិនិត្យឯកសារ។
យ៉ាងហោចណាស់មានសកម្មជនដីធ្លីតំបន់បឹងកក់២រូបត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ក្រោយពីពួកគេប្រមូលម្តុំគ្នាស្លៀកពាក់ព័ណ៌ខ្មៅ ក្នុងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យអាជ្ញាធរ ជាពិសេសតុលាការក្រុងភ្នំពេញដោះលែងសកម្មជនសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប សរុបចំនួន៥រូប ដែលត្រូវបានតុលាការឃុំខ្លួនជាបណ្តោះអាសន្ន ដែលផ្តើមចេញពីសំណុំរឿង ស្នេហារវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។
ជនជាប់សង្ស័យទី១ឈ្មោះ ទេព វណ្ណនី និងទី២ឈ្មោះ ប៊ូវ សោភា ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកព្រលឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នេះដើម្បីឲ្យតំណាងអយ្យការចាត់ការបន្តតាមនីតិវិធី។
ខណៈដែលជនជាប់សង្ស័យកំពុងត្រូវបានតំណាងអយ្យការចោទសួរនោះ ក៏មានសកម្មជនដីធ្លីបឹងកក់ និងប្រជាពលរដ្ឋប្រមាណជាជិត១០០នាក់កំពុងលើបដា និងស្រែកទាមទារឲ្យមានការដោះលែងជនជាប់សង្ស័យទាំង២នាក់ផងដែរ។
គួរកត់សម្គាល់ថា ការហាមឃាត់ និងការឃាត់ខ្លួនសកម្មជនដីធ្លី និងសកម្មជនសិទ្ធមនុស្សដែលចូលរួមក្នុងយុទ្ធនាការ ថ្ងៃចន្ទពណ៌ខ្មៅ ពីសំណាក់អាជ្ញាធរ បានធ្វើឡើងជារៀងរាល់លើកក្នុងពេលកន្លងនក។ ការឃាត់ខ្លួនកាលពីគ្រាមុននោះ អាជ្ញាធរបានតម្រូវឲ្យពួកគេធ្វើតែកិច្ចសន្យាបញ្ឈប់សកម្មភាពនៃយុទ្ធនាការមួយនេះតែប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ការឃាត់ខ្លួនសកម្មជនទាំងនោះគឺឈានដល់ការកសាងសំណុំរឿងបញ្ជូនមកតុលាការតែម្តង។
រដ្ឋាភិបាលធ្លាប់បានចេញលិខិតហាមឃាត់ និងចាត់វិធានការច្បាប់ប្រសិនបើនមានក្រុមពលរដ្ឋណាហ៊ានធ្វើយុទ្ធនាការថ្ងៃចន្ទព័ណ៌ខ្មៅនេះ ដោយរដ្ឋាភបាលចាត់ទុកថាយុទ្ធនាការនេះជា ទម្រងនៃបដិវត្តន៍ពណ៌។
សូមបញ្ជាក់ថា យុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ត្រូវបានរៀបចំធ្វើឡើងដោយសកម្មជនដីធ្លី និងក្រុមអ្នកការពារសិទ្ធិមនុស្សមួយចំនួន រួមមានទាំងសពលោកបណ្ឌិត កែម ឡី ផង ក្រោយពីជនត្រូវចោទជាមន្ត្រីការពារសិទ្ធិមនុស្សរបស់អង្គការអាដហុក និងអគ្គលេខាធិការរង គ.ជ.ប រួមមាន លោក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោកស្រី លឹម មុនី និងលោក នី ចរិយ៉ា ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី គឺកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលប្រព្រឹត្តនៅរាជធានីភ្នំំពេញ កាលពីអំឡុងខែមិនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
https://youtu.be/iHBkaas52-0
មតិយោបល់