ក្លឹបបាល់ទាត់ Liverpool បានបដិសេធសំណើរ៣០លានផោនរបស់ក្លឹប Crystal Palace ក្នុងការទិញយកខ្សែប្រយុទ្ធ Christian Benteke ។ នេះបើតាម The Sun បានចុះផ្សាយ។
ក្លឹប Crystal Palace កំពុងកាន់ប្រាក់២៥លានផោន ដែលបានទិញការលក់ Yannick Bolasie ទៅឱ្យក្លឹប Everton កាលពីប៉ុន្មានថ្ងៃមុននេះ ហើយពួកគេក៏កំពុងតែតាមប្រមាញ់យកខ្សែប្រយុទ្ធថ្មីម្នាក់មករួមក្រុមរដូវកាលថ្មីវិញផងដែរ។ ក្រុម Crystal បានមើលឃើញកីឡាករ Benteke របស់ Liverpool ដែលនៅទំនេរអង្គុយកៅអីបម្រុង ឱ្យបានដាក់សំណើរទិញយកក្នុងតម្លៃ៣០លានផោន។
តែយ៉ាងណាក្ដី ក្រុមហង្សក្រហមបានទាត់ចោលសំណើរនោះបាត់ទៅហើយ ដោយរំពឹងថាកីឡាកររូបនេះ អាចនឹងលក់បានថ្លៃជាងនេះ ហើយប្រសិនបើគ្មានក្រុមណាហានដល់ទេនោះ លោក Klopp អាចនឹងទុកដើម្បីហ្វឹកហាត់ឱ្យខ្លាំងឡើងវិញ។
Benteke ជាកីឡាករដែល Liverpool ទិញចូលកាលពីរដូវកាលមុន ពីក្រុម Aston Villa ក្នុងតម្លៃខ្លួន៣២,៥លានផោន ដោយកាលនោះលោក Brendan Rodgers ជាអ្នកទិញចូល។ ខណៈដែលក្រោមការដឹកនាំរបស់លោក Klopp ខ្សែប្រយុទ្ធរូបនេះ ហាក់មិនសូវបានចូលលេងនោះទេ៕
មតិយោបល់