ភ្នំពេញៈ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦នេះ បានថ្លែងថា ទេសចរអន្តរជាតិ បាននាំមកនូវ ប្រាក់ចំណូលប្រមាណ ៣ពាន់លានដុល្លារអាមេរិក មកកម្ពុជា និងបានបង្កើត ការងារជូនប្រជាពលរដ្ឋ កម្ពុជា ប្រមាណ៦២ម៉ឺននាក់ ហើយប្រាក់ចំណូលនេះ ត្រូវបានចាក់បញ្ចូល ទៅក្នុងចរន្ត សេដ្ឋកិច្ចជាតិ រួមចំណែក១៣% នៃផលិតផល ក្នុងស្រុកសរុប (GDP) និងធ្វើឲ្យមានលំនឹង ជញ្ជីង ពាណិជ្ជកម្ម។
លោកថោងខុន បានថ្លែងក្នុងសិក្ខាសាលាស្តីពី គោលដៅទេសចរណ៍ កម្ពុជា-ជប៉ុន នៅភោជនីយដ្ឋាន TOPAZថា នៅឆ្នាំ២០១៥កម្ពុជា ទទួលបានទេសចរអន្តរជាតិ ចំនួនប្រមាណ៤,៨លាននាក់ កើនឡើងបាន ៦,១% ក្នុងនោះ កម្ពុជា ទទួលបានទេសចរជប៉ុន ចំនួន១៩៣.៣៣០នាក់ ធៀបនឹងឆ្នាំ២០១៤ ឈរក្នុងលំដាប់ទី៦ ក្នុងចំណោម ទីផ្សារអាទិភាពធំៗ ទាំង១០ របស់កម្ពុជា។
ក្នុងអំឡុង៦ខែដើម ឆ្នាំ២០១៦ កម្ពុជា ទទួលបានទេសចរអន្តរជាតិ ជាង២,៤លាននាក់ កើនឡើង២,៦% ក្នុងនោះកម្ពុជា ទទួលបានទេសចរជប៉ុន ចំនួន៩០.៨៧៧នាក់ ក្នុងកំណើន ០,៣% ធៀបនឹងអំឡុងពេលដូចគ្នា នៃឆ្នាំ២០១៥ ឈរក្នុងលំដាប់ទី៦ ក្នុងចំណោមទីផ្សារ អាទិភាពធំៗទាំង១០ ។
នៅឆ្នាំ ២០២០ កម្ពុជា រំពឹងថានឹងទទួលភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៧លាននាក់ ហើយក្រសួងទេសចរណ៍ មានផែនការយុទ្ធសាស្រ្ត ទីផ្សារទាក់ទាញចំនួន ទេសចរជប៉ុនឲ្យបានប្រមាណ ៣០ម៉ឺននាក់ ។
ឆ្នេរសមុទ្រកម្ពុជា ជាតារារះនាទិសនិរតី ដែលជាប់ជាសមាជិក ប្រទេសមាន ឆ្នេរសមុទ្រស្អាត បំផុតលើពិភពលោក ។ ទន្លេសាប ជាបឹងទឹកសាបធំបំផុត ក្នុងអាស៊ីអាគ្នេយ៍។ ផ្សោតទន្លេមេគង្គកម្ពុជា ជាសត្វកម្រក្នុងអាស៊ីអាគ្នេយ៍។ ព្រៃកោងកាង លាតសន្ធឹងលើផ្ទៃដី ៨៥.៨៩៩ ហិចតា កាត់តាមខេត្តព្រះសីហនុ កោះកុង កំពត និងកែប។ លើសពីនេះ ប្រពៃណីវប្បធម៌ ដ៏បវររបស់ប្រជាជន កម្ពុជា គឺភាពញញឹមរួសរាយ រាក់ទាក់ចេញពីបេះដូង ភាពទន់ភ្លន់ និង ស្មោះត្រង់ ចំពោះភ្ញៀវទេសចរ។ មរតកពិសេសទាំងនេះ ពិតជាផ្តល់សក្តានុពល ច្រើនសម្រាប់ ការអភិវឌ្ឍ ទេសចរណ៍ ប្រកបដោយនិរន្តរភាព និងជំរុញកំណើន សេដ្ឋកិច្ចជាតិ។
លោកបន្តថា ជាក់ស្តែងដើម្បីសំរេចបាន តាមការរំពឹងទុក នៃចក្ខុវិស័យនេះ ការអភិវឌ្ឍវិស័យ ទេសចរណ៍គឺ យើងត្រូវការ ជាចាំបាច់ មិនអាចកាត់ផ្តាច់បាន ឡើយនូវ ទី១) ការពង្រឹងគុណភាព សេវាកម្មទេសចរណ៍ ដែលចាំបាច់ ត្រូវមាន ធនធានមនុស្ស ប្រកបដោយជំនាញ វិជ្ចាជីវៈក្នុងនោះមគ្គុទេសក៏ទេស ចរណ៍ភាសា ជប៉ុនគឺ ជាកត្តាសំខាន់មួយ។ យើងក៏បានរៀបចំការ ប្រកួត ប្រជែងជ្រើសរើស មគ្គុទេសក៏ ទេសចរណ៍ និយាយភាសាជប៉ុន ឆ្នើមជា ប្រចាំផងដែរ ហើយឆ្នាំ២០១៦នេះ យើងគ្រោងនឹងរៀបចំ នៅខែវិច្ឆិកា ផងដែរ។ ទី២) ការអភិវឌ្ឍន៍ផលិត ផល ទេសចរណ៍នានាដូចជា សណ្ឋាគារ លំដាប់ផ្កាយ៥ សាលសន្និសីទនិង មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ភោជនីយដ្ឋានធំៗ ផ្សារទំនើប កន្លែងលេង កម្សាន្តលក្ខណៈ គ្រួសារនិង មជ្ឈមណ្ឌល កម្សាន្តសម្រាប់មនុស្ស ពេញវ័យ កីឡាទេសចរណ៍ នាវាទេសចរណ៍ តំបន់ទេសចរណ៍ផ្ទះទី២ Second Home Tourist និងទេសចរណ៍វ័យចំណាស់ នៅតាមតំបន់គោលដៅ ទាក់ទាញ ទេសចរណ៍ ដូចជារាជធានីភ្នំពេញ តំបន់សៀមរាបអង្គរ និងតំបន់ឆ្នេរ ដែលត្រូវការចាំបាច់ អ្នកវិនិយោគ មកបណ្តាក់ទុន អភិវឌ្ឍន៍ផលិតផល ទាំងអស់ខាងលើ។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខក្រុមហ៊ុនអាកាសចរណ៍ ANA នឹងប្រតិបត្តិការ ហោះហើរ ត្រង់ពីក្រុង តូក្យូ មកទីក្រុងភ្នំពេញ។ ក្នុងបរិបទនេះ ការសំរួលការធ្វើដំណើរ ជាកត្តាគន្លឹះសម្រាប់ជំរុញ កំណើនទេសចរណ៍ ហើយបច្ចប្បន្ន កម្ពុជា ក៏មានការផ្តល់ទិដ្ឋាការអេឡិចត្រូនិក (E-visa) ទិដ្ឋាការពេលមកដល់ (Visa on arrival) និងទិដ្ឋាការចេញចូលច្រើនដង (multiple-entry visa) សម្រាប់១ឆ្នាំ ២ឆ្នាំ និង៣ឆ្នាំ ដែលផ្តល់ភាព ងាយស្រួល ដល់ទេសចរ អ្នកវិនិយោគទាំងអស់ ក្នុងការមកទស្សនា និងវិនិយោគនៅកម្ពុជា ហើយដែលគោលនយោបាយថ្មីនេះ នឹងចាប់ផ្តើម អនុវត្តនៅដើមខែ កញ្ញា ឆ្នាំ២០១៦នេះ ៕
\
មតិយោបល់