ព័ត៌មានជាតិ

មុខសញ្ញាទើបចេញពីគុកម្នាក់ ឆបោកម៉ូតូអ្នកភូមិយកទៅលក់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាល ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាល អធិការដ្ឋានស្រុកភ្នំស្រុក ធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រោយពីជនសង្ស័យបានធ្វើសកម្មភាព ឆបោកម៉ូតូអ្នកស្រុកយកទៅលក់ ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបាន សមត្ថកិច្ចចាប់ខ្លួនមានឈ្មោះ ស៊ុម សុធី ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ។ ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នៅឃុំពន្លៃ ស្រុកភ្នំស្រុក និងដកហូតបានវត្ថុតាង ម៉ូតូជាក់ស្ដែងចំនួនពីរគ្រឿង ។

លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបន្តថា ប្រតិបត្តិការបង្ក្រាបជនសង្ស័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធី ដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចបានសហការគ្នា ចុះស្រាវជ្រាវអស់រយៈពេល២ ថ្ងៃទើបឈានទៅដល់ការ ចាប់ខ្លួនជនសង្ស័យបានសម្រេច ។ ម៉ូតូបានដកហូតឲ្យម្ចាស់ដើមវិញហើយ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ជនសង្ស័យគឺជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ កាលពីខែមីនា កន្លងទៅ ។ ហើយកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ថ្មីៗនេះ ជនសង្ស័យបានឆបោកប្រជាពលរដ្ឋចំនួន០៣ករណី គឺឆបោកម៉ូតូអ្នកស្រុកនៅសេរីសោភ័ណ្ឌ០២ករណី និងស្រុកព្រះនេត្រព្រះ០១ករណី ។
បច្ចុប្បន្ន ជនសង្ស័យស្ថិតក្នុងការសួរនាំរបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

មតិយោបល់