ព័ត៌មានជាតិ

ឃុំខ្លួនឃាតក ដែលបាញ់ សម្លាប់ជនជាតិកូរ៉េម្នាក់ ពីបទឃាតកម្ម

ភ្នំពេញ: លោកសូ សារិន អ្នកនាំពាក្យតុលាការ ខេត្តកណ្តាលបានឲ្យដឹង នៅមុននេះបន្តិចថា លោក ផូង វណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកណ្តាល បានសម្រេច ចេញដីកាឃុំខ្លួន ជនជាប់ចោទ ដែលបានបាញ់ សម្លាប់ជនជាតិកូរ៉េម្នាក់ នៅស្រុកកណ្តាលស្ទឹង នោះហើយ។ លោកបន្តថា ការសម្រេចឃុំខ្លួននេះ បានធ្វើឡើង នៅម៉ោងប្រមាណជា ១១ថ្ងៃត្រង់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ ដោយចៅក្រមស៊ើបសួរ បានចោទប្រកាន់ ជនជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទឈ្មោះ ផុំ រដ្ឋា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថៃ្ងទី១៣ ខែសីហា ឆ្នាំ២០១៦ នៅខាងកើតផ្សារធំថ្មី រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ ជាជនជាតិកូរ៉េ ឈ្មោះ ជុន សុង (Chun Seong) កើតនៅថៃ្ងទី១៥ ខែមីនា ឆ្នាំ ១៩៥៨ ជាជនជាតិកូរ៉េ ជាភ្ញៀវទេសចរណ៍ និងជាអ្នកជំនួញ ឧស្សាហ៍ចេញចូលស្រុកខ្មែរ ត្រូវបានជនជាប់ចោទ ខាងលើ បាញ់សម្លាប់ នៅចំណុចរោងប្រជាការពារ ស្ថិតនៅភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ។

យោងតាមប្រភពពី មន្រ្ដីកងរាជអាវុធហត្ថ ខេត្ដកណ្ដាល បានបញ្ជាក់ថា ក្រោយពីចាប់ខ្លួន ឈ្មោះ ផុំ រដ្ឋា បានសារភាព ថាខ្លួន គេពិតជាបានធ្វើ សកម្មភាព ប្រើប្រាស់កាំភ្លើងខ្លីបាញ់ ជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យ ស្លាប់នៅក្នុង សាលាឆទាន ឯភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ប្រាកដមែន ។

ក្រោយពីបាញ់ សម្លាប់ជនរងគ្រោះខ្លួន បានបើករថយន្ដម៉ាក KIA MORNING ពណ៌មើមការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ 2AK-7925 ឡើង ទៅផ្លូវជាតិ លេខ២ក្នុង គោលបំណងឆ្ពោះទៅ ខេត្ដតាកែវ តែដោយសារ ខ្លាចមាន សមត្ថកិច្ច ស្ទាក់ចាប់ខ្លួន ក៏ឈប់រថយន្ដទុកចោលក្បែរ ចិញ្ចើមផ្លូវស្ថិតក្នុង ភូមិសាស្រ្ដស្រុកបាទី ខេត្ដតាកែវ ជិតស្នាក់ការ កងរាជអាវុធហត្ថ ការពារ សន្ដិសុខ២០១រួច ក៏ជួលម៉ូតូឌុបជិះឆ្ពោះទៅ តាមផ្លូវជាតិលេខ៣ទៅ រាជធានីភ្នំពេញវិញ ។

ជនជាប់ចោទបន្តថា ពេលជិះម៉ូតូតាមផ្លូវ រូបគេបានយកកាំភ្លើងខ្លី គ្រវែងចោល ហើយ ពេលមកដល់ចំណុច ស្ពាន៧មករា ខ្លួនក៏បន្ដយកកាបូបស្ពាយ និងឯកសារមួយចំនួនទៀត ពាក់ព័ន្ធនឹងជនរងគ្រោះ បោះចូលទៅក្នុងទឹក ទើបបន្ដដំណើរឆ្ពោះ ចូលក្នុងរាជធានីភ្នំពេញ ជាធម្មតា ។

ឈ្មោះ ផុំ រដ្ឋា បញ្ជាក់ថា កាំភ្លើងខ្លី ដែលខ្លួនបាញ់សម្លាប់ជនរងគ្រោះ មានទាហានម្នាក់ យកមកបញ្ចាំខ្លួនក្នុង តម្លៃ១៥០ដុល្លារ សហរដ្ឋអាមេរិក ហើយ ករណីឈានដល់បាញ់សម្លាប់ ជនរងគ្រោះនេះ ក៏ព្រោះតែខ្លួន ជំពាក់លុយ ជនរងគ្រោះច្រើនពេក មិនមានលទ្ធភាពសង ទើបសម្រេច ចិត្ដបាញ់សម្លាប់ ជនរងគ្រោះដើម្បី បំបិទមាត់ និងបញ្ចប់បំណុល ។

មូលហេតុដែលនាំឲ្យខ្លួន ជំពាក់លុយ ជនរងគ្រោះច្រើន ដោយសារតែខ្លួនរកស៊ី មុខជំនួញនាំទូរស័ព្ទ ស្មាតហ្វូន ពីប្រទេសកូរ៉េ មកលក់នៅកម្ពុជា ហើយខាតចុងខាតដើម ទើបជំពាក់លុយ ជនរងគ្រោះយ៉ាងដូច្នេះ។

គួររំលឹកថា កាលពីថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង៥និង៣០នាទីល្ងាច នៅចំណុចសាលាឆទានត្រង់ រង្វង់មូល ភូមិកោះខ្នុរ ស្ថិតក្នុងឃុំព្រៃរកា ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល មានករណីឃាតកម្ម ដ៏ឃោរឃៅមួយ បានកើតឡើង ។ ក្រោយពី កើតហេតុគេ បានសន្និដ្ឋានថា ករណីឃាតកម្មនេះ ផ្តើមចេញពីរឿង ទំនាស់ក្នុងមុខរបរ រកស៊ី ។

នៅថៃ្ងកើតហេតុនោះដែរ បើតាមសាក្សី នៅកន្លែងកើតហេតុ បាននិយាយថា ជនដៃដល់ក្រោយពីបាញ់ សម្លាប់ ជនរងគ្រោះហើយ បានបើករថយន្ត ចេញពីចំណុច កើតហេតុឆ្ពោះ ទៅខេត្តតាកែវ។ ស្របពេលនោះ សមត្ថកិច្ច ខេត្តកណ្តាល បានពន្លាតដែនសមត្ថកិច្ច ដើម្បីសហការជាមួយនឹង សមត្ថកិច្ចនគរបាល ខេត្តតាកែវ តាមចាប់ខ្លួន ជនដៃដល់ ប៉ុន្តែជនដៃដល់ ទំនងជាដឹងខ្លួន ក៏ប្លុងរថយន្ត មួយគ្រឿងម៉ាកគា ពណ៌មើមការ៉ុត ពាក់ ស្លាកលេខភ្នំពេញ 2AK-7925 នៅភូមិ សាស្រ្តស្រុកបាទី ខេត្តតាកែវ ។

សាក្សីដដែល បាននិយាយទៀតថា នៅ មុនពេលកើតហេតុ គេបានឃើញ ជនរង គ្រោះជិះរថយន្តខាងលើនេះ ជាមួយនឹង មនុស្ស២-៣នាក់ទៀត ក្រឡឹងចុះឡើង នៅម្តុំទីតាំងកើតហេតុគ្រា ដែលមានភ្លៀងធ្លាក់ ។ បន្តិចក្រោយមកគេ បានឃើញជន រងគ្រោះ និងមនុស្ស២នាក់ ទៀតចុះពីលើ រថយន្តដើរចូលទៅ អង្គុយក្នុង សាលាឆទាន រង្វង់មូល ភូមិកោះខ្នុរនេះ។ លុះមួយសន្ទុះ ក្រោយមកគេក៏ បានឮសំឡេងផ្ទុះអាវុធ ឡើងផ្ទួនៗគ្នា ៤-៥គ្រាប់ បង្កឲ្យប្រជាពល រដ្ឋរស់នៅជិត កន្លែងកើតហេតុនាំគ្នា ស្រឡាំងកាំង ខណ:ដែលជនដៃដល់ នាំគ្នាឡើងជិះរថយន្ត បើកចេញសំដៅទៅ ខេត្តតាកែវ៕

photo_2016-08-17_13-26-39

photo_2016-08-17_13-26-49

photo_2016-08-17_13-41-54

មតិយោបល់