ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ចិនសែន ស្រវឹងខ្មែរ) សែនក្បាលទឹក សូមប្រយ័ត្នភ្លើង ទាន ធូប

ភ្នំពេញ: តាំងពីព្រឹកព្រលឹមស្រាងៗថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ គេសង្កេតឃើញមានបងប្អូនជនជាតិចិន ដែលរស់នៅភ្នំពេញ ក៏ដូចជាជនជាតិខ្មែរ ដែលមានសែស្រឡាយកាត់ចិន បាននាំគ្នារួតរះទៅផ្សារទិញម្ហូបចំណីអាហារ ផ្លែឈើ ពិសេសជ្រូកខ្វៃ ទាខ្វៃ មាន់ខ្វៃ រួមទាំងនំពងទាផងដែរ ហើយយកមកដាក់សែនទៅតាមប្រពៃណីរបស់ជនជាតិចិនហៅថា សែនក្បាលទឹក ខ្មែរហៅថាភ្ជុំរបស់ចិន។ ជាទូទៅនៅរាល់បុណ្យទានរបស់ជនជាតិចិន ដូចជា ចូលឆ្នាំចិន សែនក្បាលទឹកនេះជាដើម ហើយអ្នកដែលស្រវឹងខ្លាំង គឺបងប្អូនខ្មែរយើង ដែលមានសែស្រឡាយកាត់ចិន។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នពីភ្លើងទាន ធូប កុំឲ្យមានអគ្គិភ័យកើតឡើងជាយកថាហេតុ។

គួរបញ្ជាក់ផងដែរថា ពិធីសែនក្បាលទឹក ឬភាសាចិនហើយថា 中元节 (Zhong Yuan Jie) ដែលមានសេចក្តីជាខ្មែរស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរនោះ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថា បុណ្យខ្មោច ត្រូវបានប្រជាជនចិនយួន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលរំលងនោះទេ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ(春节)។

បុណ្យនេះត្រូវបានគេធ្វើឡើងក្នុងខែ៧របស់ចិន នៅថ្ងៃ១៤កើត (ថ្ងៃនេះ) សម្រាប់បងប្អូនចិន កាតាំង ហុកកៀន.. តែសម្រាប់បងប្អូនចិនទៀជាវ វិញ គឺគេធ្វើនៅថ្ងៃ១៥កើត គឺនៅថ្ងៃស្អែកនេះឯង។ តែដោយបងប្អូនខ្មែរយើងកាត់ទៅខាងចិន ទៀជាវ ច្រើន ទើបគេនាំគ្នាធ្វើទាំងព្រមគ្នាដោយកំណត់ក្នុងប្រតិទិនយកថ្ងៃ១៥ កើតខែ៧ចិននេះដូចគ្នា។

បុណ្យនេះគេមិនបានរៀបចំផ្ទះ ទិញគ្រឿងលម្អតាំងស្កេកស្កះដូចចូលឆ្នាំនោះទេ គេគ្រាន់តែរៀបចំសែនជាធម្មតា ដែលចែកជាពីរលើក លើកទីមួយនៅពេលថ្ងៃ សែនដល់កុងម៉ា ជីដូនជីតា ហើយលើកទីពីរនៅពេលល្ងាច គឺសែនដល់ខ្មោចបិសាចអនាថា ដែលគ្មានញាតិ គ្មានផ្ទះសម្បែង ឬរកផ្ទះញាតិមិនឃើញ។

ជំនឿនៃការសែន និងសំណែនត្រូវបានធ្វើតាមការជំនឿដោយរៀងៗខ្លួន គ្រួសារខ្លះគេសែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់សែនបាយសម្លរម្តងទៀតក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ តែគ្រួសារខ្លះក៏សែនល្ងាចម្តងទៀតតាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជាក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សម្លៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីហ្សា សំបុត្រយន្តហោះ រថយន្ត ផ្ទះ ។ល។ ហើយសុំផ្សងមកវិញ នូវពរជ័យ សុខសប្បាយ និងរកស៊ីមានបាន។

ក្នុងជំនឿជនជាតិចិន ខែ៧នេះ គឺជាខែខ្មោច (鬼月 gui yue) ដូច្នេះគេហាមដាច់ខាតអំឡុងខែនេះ មិនត្រូវ ធ្វើដំណើរទៅឆ្ងាយ ជួសជុលផ្ទះសម្បែង ទិញផ្ទះ បើកហាងលក់ដូរ និងអាជីវកម្មជាដាច់ខាត ព្រោះវាអាចនាំរឿងមិនល្អសម្រាប់អាជីវកម្មនិងគ្រួសារគេ៕

sen chin (1)

sen chin (2)

sen chin (3)

មតិយោបល់