បន្ទាយមានជ័យ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតជាមួយ នឹង កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភកូនស្រីរបស់ខ្លួនឯងបង្កើតបានសម្រេចចំនួន០៧ដង ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២២ និង៣០នាទី បានទទួលពាក្យបណ្ដឹងកុមារីរងគ្រោះបានរៀបរាប់ថា ក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១នេះ ឪពុករបស់ខ្លួនបានរំលោភនាងរហូតដល់០៧ដងបានសម្រេច ខណៈដែលម្ដាយរបស់នាង រវល់ទៅលេងផ្ទះបងប្អូននៅស្រុកកំណើត ។ រហូតដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ គាត់បានធ្វើសកម្មភាពចាប់រំលោភខ្ញុំម្ដងទៀត នៅក្រោយផ្ទះកន្លែងងូតទឹកបានសម្រេច ។
លោកអធិការ សៅ សារឿន បានបន្តថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ បានសម្រេច យកមកសួរនាំជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដូច្នោះមែន ។ ជនសង្ស័យឈ្មោះ ឈុន រី ធ្លាប់ជាប់ពន្ធនាគារម្តង កាលពីឆ្នាំ២០០៧ ពីបទរំលោភសន្ថវៈលើកអនីតិជន ទើបចេញពីគុកបាន១ឆ្នាំ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់