ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារម្នាក់ ពាក់ព័ន្ធករណីកាន់កាប់ និងប្រើប្រាស់អាវុធខុសច្បាប់

ក្រចេះ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា កម្លាំងនគរបាលព្រហ្មហ្មទណ្ឌស្រុកស្នួល នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីកាន់កាប់ និង ប្រើប្រាស់ អាវុធខុសច្បាប់ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផៃ ផល្លា អាយុ៣១ឆ្នាំ រស់នៅភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល (ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារចំនួន០២លើក ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន) ។

ជាមួយគ្នានោះ នគរបាលបានឆែកឆេររកឃើញ អាវុធខ្លី០១ដើម ម៉ាក Glock19 ផលិតនៅ USA លេខ AEHX173 ពណ៌ខ្មៅ ចំនួន១២គ្រាប់, លុយខ្មែរចំនួន១១លានរៀល, ទូរស័ព្ទចំនួន០២គ្រឿង និងសម្ភារ:មួយចំនួនទៀត ។

ក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតមានអាវុធខ្លីចំនួន០១ដើម ម៉ាក Glock 19 ដែលខ្លួនបានទិញតាមអនឡាញ កាលពី០២ខែមុន និងបានបាញ់លេង អស់ចំនួន០៣គ្រាប់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់