ព័ត៌មានជាតិ

រថយន្តម៉ាកហាយលែនឌ័រមួយគ្រឿង បើកបុកម៉ូតូ XR ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២១ បុរសម្នាក់បានបាក់ជើងម្ខាង និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូធុនធំម៉ាក XR មួយគ្រឿង ត្រូវរថយន្តម៉ាក ហាយលែនឌ័រ បុកពេញទំហឹង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សពជនរងគ្រោះឈ្មោះ វ៉ន សុផល ភេទប្រុស អាយុ៤៨ឆ្នាំ មានស្រុកកំណើត ឃុំកោះចរ៉ាម ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ បច្ចុប្បន្នស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តម៉ាក ហាលេនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-7383 ធ្វើដំណើរតាមដងផ្លូវ១១៣ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក XR ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AY-4000 ជិះដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតទៅលិច ចំហៀងខាងមុខ បណ្ដាលឲ្យម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ដួលបោកនឹងថ្នល់បណ្ដាលឲ្យជនរងគ្រោះ រងរបួសបាក់ជើងស្តាំម្ខាង របួសធ្ងន់ធ្ងរ បន្ទាប់មករថយន្តសង្គ្រោះ មិនទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗនោះទេ ហើយក្រោយមកជនរងគ្រោះ ដោយសាររបួសធ្ងន់ធ្ងរពេក បានដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ។

ក្រោយមករថយន្តសង្គ្រោះបន្ទាន់ បានដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ ។ បន្ទាប់មកសមត្ថកិច្ចជំនាញ បានធ្វើការវាស់វែងរថយន្ត និងម៉ូតូទូរស័ព្ទទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ រីឯសាកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចទំនាក់ទំនងរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់