បាត់ដំបងៈ ជនជាតិថៃច្រើនមានអបីយជំនឿមួយពាក់ព័ន្ធទៅនឹងករណីគ្រោះធម្មជាតិដែលគេយល់ថា រន្ទះដែលបាញ់ទៅលើនរណាម្នាក់ គឺអ្នកនោះប្រហែលជាចាញ់សម្បថជាមួយអ្នកណាម្នាក់ ពិសេសគឺការស្បថជាមួយប្រពន្ធតែម្តង។
ជាក់ស្តែងដូចជាករណីរន្ទះបាញ់ទៅលើកម្មករខ្មែរចំនួន៤នាក់ បណ្ដាលឲ្យកម្មករ២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រីឯ២នាក់ទៀតមិនរងរបួសឡើយ ដោយហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងស្រុកអាញ្ញេ ខេត្តស្រះកែវ ប្រទេសថៃ។
តាមការបញ្ជាក់ពីប្រភពដែលនៅទីនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្មករខ្មែរចំនួន៤នាក់ ដែលពួកគេរស់នៅភូមិ ឃុំ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានឆ្លងចូលទៅធ្វើជាកម្មករចំការអំពៅតាមច្រកខៅឌិន ក្នុងស្រុកវ៉ាងណាំយេន ខេត្តស្រះកែវ។
ប្រភពដដែលបានបន្តថា ខណៈកំពុងជំរះស្មៅនៅក្នុងចំការអំពៅជាជាធម្មតា ពេលនោះស្រាប់តែមានភ្លៀងមួយមេយ៉ាងធំបានធ្លាក់មកធ្វើឲ្យពួកគេទាំង៤នាក់ បានរត់សំដៅទៅរកខ្ទមក្នុងចំការ ដើម្បីជ្រកភ្លៀង ដោយពួកគេបាននាំគ្នាអង្គុយនៅលើគ្រែ ដែលធ្វើពីរនាបឫស្សី គឺនៅជុំគ្នាទាំង៤នាក់តែម្តង។
ប្រភពដដែលបានបន្តថា រំពេចនោះស្រាប់តែមានរន្ទះបាញ់មកលើខ្ទមដែលពួកគេអង្គុយនោះ លាន់ឮសំឡេងយ៉ាងខ្លាំង បណ្តាលឲ្យកម្មករខ្មែរចំនួនពីរនាក់បានដួលដេកនៅលើគ្រែរនាបឫស្សីនោះ ហើយក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ដោយឡែកពីរនាក់ទៀត បានហោះប៉ើងចេញពីខ្ទមទៅលើដីទាំងអស់ ដោយមិនមានរងរបួសអ្វីបន្តិចនោះឡើយ បង្កឲ្យការភ្ញាក់ផ្អើលដល់កម្មករក្នុងចំការនាំគ្នាជួយសង្គ្រោះ រីឯសពជនរងគ្រោះទាំងពីរនាក់ដាក់ទៅលើគ្រែ ដោយបានដុតភ្លើងពីក្រោមដើម្បីឆ្អើរ ព្រោះវាជាទំលាប់របស់ពួកគេ ប៉ុន្តែអ្វីៗគឺជ្រុលពេលទៅហើយ ព្រោះជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ជនជាតិថៃជាច្រើនបាននិយាយថា យុវជនពីរនាក់ដែលស្លាប់នេះ អាចធ្លាប់ស្បថមុខប្រពន្ធ ដូច្នេះអាចប្រហែលជាចាញ់សម្បថ បានជារន្ទះបាញ់៤នាក់ បែរជាត្រូវស្លាប់តែពីរនាក់ទៅវិញ ហើយពួកអ្នកភូមិរបស់គេក៏បានផ្តាំផ្ញើតៗគ្នាថា មានអីក៏ដោយ កុំឲ្យស្បថឲ្យសោះ ខ្លាចចាញ់ពាក្យសម្បថ៕
មតិយោបល់